Wednesday, March 21, 2012

អ.ស.ប.​ ជំរុញ​ឲ្យ​កម្ពុជា​ការពារ​កម្មករ​ចំណាក​ស្រុក​តាម​ច្បាប់​អន្តរជាតិ

ដោយ សុ ជីវី
2012-03-21
​វិទ្យុ​អាស៊ីសេរី

២០-មីនា-២០១២៖ ប្រធាន​ស្ដីទី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក ជេម ហ៊ីណាន់ (James Heenan) នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​អនុសញ្ញា​អន្តរជាតិ​ការពារ​សិទ្ធិ​របស់​ពលករ​ទេសន្តរប្រវេសន៍។ (RFA/Sochivy)
២០-មីនា-២០១២៖ ប្រធាន ស្ដីទី នៃ ការិយាល័យ ឧត្ដម ស្នងការ អង្គការ សហប្រជាជាតិ ទទួល បន្ទុក ផ្នែក សិទ្ធិ មនុស្ស ប្រចាំ នៅ កម្ពុជា លោក ជេម ហ៊ីណាន់ (James Heenan) នៅ ក្នុង ពិធី ផ្សព្វផ្សាយ សៀវភៅ ស្ដីពី អនុសញ្ញា អន្តរជាតិ ការពារ សិទ្ធិ របស់ ពលករ ទេសន្តរប្រវេសន៍។ (RFA/Sochivy)


ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​ភាព​អង់​អាច​ដល់​ស្ត្រី (UN-WOMEN) និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ផ្នែក​សិទ្ធិ​មនុស្ស (OHCHR) នៅ​កម្ពុជា បាន​​រួមគ្នា​បោះ​ពុម្ព និង​ផ្សព្វ​ផ្សាយ​សៀវភៅ​ស្ដីពី​អនុសញ្ញា​អន្តរជាតិ​ការពារ​សិទ្ធិ​របស់​ពលករ ​ទេសន្តរប្រវេសន៍។


តាម​រយៈ​ការ​ផ្សព្វផ្សាយ​សៀវភៅ​ទាំង​នេះ​ជា​ផ្នែក​មួយ​ជំរុញ​អោយ​ រដ្ឋាភិបាល​កម្ពុជា ចាប់​យក​បទដ្ឋាន​អន្តរជាតិ​មក​អនុវត្ត ដើម្បី​ភាព​ពេញ​លេញ​ក្នុង​ការ​ពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក។
តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ការពារ​សិទ្ធិ​របស់​ពលករ​ទេសន្តប្រវេសន៍ ខណៈ​ប្រទេស​នេះ​បាន​បង្ហាញ​កិច្ច​ខិតខំ​របស់​ខ្លួន​បន្ទាប់​ពី​បាន​ចុះ​ ហត្ថលេខា​លើ​ការ​អនុម័ត​អនុសញ្ញា​នេះ កាល​ពី​ឆ្នាំ​២០០៤។
ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ ស្ដីពី​អនុសញ្ញា​អន្តរជាតិ​ការពារ​សិទ្ធិ​របស់​ពលករ​ទេសន្តរប្រវេសន៍ និង​សមាជិក​គ្រួសារ​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១២ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ១០០​នាក់។ អ្នក​ចូលរួម​ជា​មន្រ្តី​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ សង្គម​ស៊ីវិល សហជីព និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ។
លោក ជេម ហ៊ីណាន់ (James Heenan) ប្រធាន​ស្ដីទី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​ សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។ លោក​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ថា បើ​ទោះ​ជា​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​នេះ​ក៏​ដោយ ក៏​នៅ​តែ​ចាំ​បាច់​ត្រូវ​ផ្ដល់​សច្ចាប័ន​បន្ថែម​ទៀត ដែល​មាន​ន័យ​ថា កម្ពុជា​យល់​ព្រម​ទទួល​យក​បទដ្ឋាន​អន្តរជាតិ​ទៅ​អនុវត្ត។
លោក ជេម ហ៊ីណាន់៖ «នៅ​ពេល​ដែល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​ទើប​បាន​មាន​ការ​ចង​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ទៅ​លើ ​អនុសញ្ញា​អន្តរជាតិ​នេះ។ ដូច​យើង​ដឹង​ហើយ​ថា ការ​ការពារ​ទៅ​ដល់​ពលករ​ទេសន្តប្រវេសន៍ គឺ​ជា​បញ្ហា​សំខាន់​សម្រាប់​កម្ពុជា ក្នុង​ពេល​នេះ»
សៀវភៅ​ស្ដីពី​អនុសញ្ញា​អន្តរជាតិ​ការពារ​សិទ្ធិ​របស់​ពលករ​ ទេសន្តរប្រវេសន៍ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​នោះ​មាន​កម្រាស់ ៩១​ទំព័រ និង​មាន ២ភាសា គឺ​ភាសា​ខ្មែរ និង​អង់គ្លេស ។ ក្នុង​នោះ​មាន​ខ្លឹមសារ​នៃ​អនុសញ្ញា​ រួម​មាន​គោលការណ៍​មិន​រើស​អើង ការ​គោរព​សិទ្ធិ​ពលករ ការ​លើក​កម្ពស់​លក្ខខណ្ឌ​សមស្រប សមធម៌ មនុស្ស​ធម៌ និង​ស្រប​ច្បាប់ និង​ការ​អនុវត្ត​អនុសញ្ញា​​នេះ។
អ្នកស្រី វេន្នី គូសូម៉ា (Wenny Kusuma) នាយិកា​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​ភាព​អង់​អាច​ដល់​ស្ត្រី ប្រចាំ​ប្រទេស​កម្ពុជា។ អ្នកស្រី​មាន​ប្រសាសន៍​ថា ការ​ទទួល​យក​បទដ្ឋាន​អន្តរជាតិ​ទៅ​អនុវត្ត ជា​តឹក​តាង​ដែល​កាន់​តែ​ជាក់​លាក់​បន្ថែម​ទៀត​ដើម្បី​បង្ហាញ​ថា កម្ពុជា​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​សិទ្ធិ​ពលករ​ចំណាក​ស្រុក។
ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​នេះ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ការ​ផ្ដល់​សច្ចាប័ន​នឹង​មាន​អត្ថប្រយោជន៍​សម្រាប់​កម្ពុជា៖ «ជម្រាប​ថា ខ្លឹមសារ​ល្អ យើង​គួរ​តែ… ខ្ញុំ​ថា​យើង​គួរ មិន​មែន​ថា យើង​ត្រូវ​ទេ យើង​គួរ​គិតគូរ​ក្នុង​ការ​ផ្តល់​សច្ចាប័ន​ហ្នឹង ហើយ​នាង​ខ្ញុំ និង​ក្រសួង​មហា​ផ្ទៃ​ នឹង​ទៅ​ខិតខំ​តស៊ូ​មតិ​ទៅ​រដ្ឋាភិបាល​ថា យើង​បាន​ចុះ​ហត្ថលេខា​ហើយ គួរ​តែ​​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​នេះ»
លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​នា​ពេល​កន្លង​មក ប្រទេស​បញ្ជូន​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ផ្ដល់​សច្ចាប័ន​ដែល​ផ្ទុយ​ គ្នា​ពី​ប្រទេស​ទទួល៖ «យើង​សុំ​អំពាវ​នាវ​អោយ​​ប្រទេស​បញ្ជូន​ក្តី ប្រទេស​ទទួល​ក្តី មេត្តា​ផ្ដល់​សច្ចាប័ន ដូច​ប្រទេស​ហ្វីលីពីន អ៊ីចឹង ដើម្បី​យើង​ការពារ​សិទ្ធិ​ពលករ​ទាំង​អស់​គ្នា។ ហើយ​យើង​សង្ឃឹម​ថា យើង​នឹង​ក្លាយ​ជា​សហគមន៍​អាស៊ាន​មួយ​ដ៏​ពិត​ប្រាកដ​ដោយ​ពុំ​មាន​អ្នក​ឈ្នះ​ ពុំ​មាន​អ្នក​ចាញ់»
អង្គការ​សហ​ប្រជាជាតិ​បាន​អនុម័ត​អនុសញ្ញា​អន្តរជាតិ​ការពារ​សិទ្ធិ​របស់ ​ពលករ​ទេសន្តរប្រវេសន៍ និង​សមាជិក​គ្រួសារ​របស់​ពួកគេ នៅ​ក្នុង​មហា​សន្និបាត កាល​ពី​ឆ្នាំ​១៩៩០។ គិត​ត្រឹម​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១២ មាន​រដ្ឋ​ចំនួន ៤៥ បាន​ផ្តល់​សច្ចាប័ន។ នៅ​ក្នុង​អាស៊ី​មាន​ប្រទេស​មួយ​ចំនួន​បាន​ផ្តល់​សច្ចាប័ន ក្នុង​នោះ​រួម​មាន ប្រទេស​ហ្វីលីពីន ស្រីលង្ការ ទីម័រខាង​កើត និង​បង់ក្លាដេស។
ឆ្នាំ​២០១១​មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ជាង​១​សែន​នាក់
មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១១ មាន​ពលករ​កម្ពុជា​ជាង ១​សែន​នាក់ ដែល​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស ត្រូវ​​បាន​​អាជ្ញាធរ​​បរទេស​បញ្ជូន​​មក​​ប្រ​ទេស​​កម្ពុជា​​វិញ។
លោក យឹម វីរៈ អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន ​មាន​ប្រសាសសន៍​ថា ពលករ​ទាំង​នោះ ភាគ​ច្រើន​ត្រូវ​បញ្ជូន​ដោយ​អាជ្ញាធរ​បរទេស ក្រៅ​ពី​នោះ​ត្រូវ​នាំ​មក​វិញ​តាម​រយៈ​មណ្ឌល​សំចត ដោយ​ក្រសួង​ការបរទេស​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM)។
លោក យឹម វីរៈ ​បន្ត​ថា ​ពលការិនី​​ដែល​ទៅ​ធ្វើ​ជា​ស្រ្តី​បម្រើ​ការងារ​ផ្ទះ​នៅ​ប្រ​ទេស​ម៉ាឡេស៊ី កំពុង​តែ​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ ដោយសារ​សព្វថ្ងៃ​​មាន​អនុស្សរណៈ​​ការពារ​​​សិទ្ធិ​ពលករ​ធ្វើ​ចំណាក​ស្រុក​តែ ​​ជាមួយ​ប្រ​ទេស​​ថៃ​​​ និង​​វៀតណាម​ប៉ុណ្ណោះ។ ដោយ​ឡែក​​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​នៅ​មិន​ទាន់​បាន​ចុះ​អនុស្សរណៈ​នេះ​ទេ​ ហើយ​នៅ​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ពង្រឹង​ទំនាក់​ទំនង​​ជាមួយ​​ម៉ាឡេស៊ី។
របាយការណ៍​របស់​អង្គការ​ខារ៉ាម កម្ពុជា បាន​បង្ហាញ​ថា ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ មាន​ជាង ២​សែន​នាក់ ទៅ​កូរ៉េ ស្រប​ច្បាប់​ជិត ១​ម៉ឺន​នាក់ និង ពលករ​ដែល​ទៅ​ម៉ាឡេស៊ី​ស្រប​ច្បាប់​ជាង ២​ម៉ឺន​នាក់៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons