Thursday, October 4, 2012

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតរងគ្រោះទឹកជំនន់សាជាថ្មី

(ដោយ៖អ.ស.មប៉ោយប៉ែត) ៖ ជំនន់ទឹកភ្លៀងដែលបានជន់លិចតំបន់ប៉ោយប៉ែត បានស្រកបន្តិចធ្វើឲ្យប្រជាពលរដ្ឋខ្លះវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ឯអ្នកខ្លះទៀតមានការព្រួយបារម្ភខ្លាចទឹកជន់មកម្ដងទៀត។ព្រោះឲ្យតែមានភ្លៀងធ្លាក់ជាប់គ្នាពីរបីថ្ងៃ គឺ ទឹកជំនន់បានត្រឡប់មកគំរាមកំហែងប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសាជាថ្មី។ បើតាមលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ទឹកជំនន់បានឡើងជាលំដាប់ដោយសារតែមេឃធ្លាក់ភ្លៀងបន្តបន្ទាប់ ហើយទឹកជំនន់មួយផ្នែកទៀតបានធ្លាក់មកពីប្រទេសថៃ ធ្វើឲ្យតំបន់មួយចំនួនផ្នែកខាងត្បូងផ្លូវជាតិលេខ៥នៃក្រុងប៉ោយប៉ែតត្រូវជន់លិចជាលើកទី២ ដែលមានកម្ពស់រហូតដល់០,៨០ម៉ែត្រ។ លោកឲ្យដឹងថាភូមិចំនួន៥ ត្រូវរងការលិចលង់មានដូចជាភូមិប៉ោយប៉ែត ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិគីឡូម៉ែត្រលេខ៤ និង ភូមិផ្សារកណ្ដាល ក្នុងក្រុងប៉ោយប៉ែត។លោកបន្តថាប្រជាពលរដ្ឋដែលមានទីលំនៅ នៅតំបន់រងគ្រោះ ហើយទើបតែវិលត្រឡប់មកផ្ទះបានមួយថ្ងៃពីរថ្ងៃ ក៏ត្រៀមខ្លួនសាជាថ្មីដើម្បីជម្លៀសចេញទៅរកទីទួលសុវត្ថិភាពឡើងវិញ។ ក្រុមអាជ្ញាធរបានត្រៀមខ្លួនដើម្បីជួយអន្តរាគមន៍ប្រជាពលរដ្ឋជម្លៀសទៅរកទីទួលសុវត្ថិភាព និងការផ្គត់ផ្គង់សម្ភារៈ គ្រឿងបរិភោគ ថ្នាំសង្កូវជាដើម ហើយកងកម្លាំងប្រដាប់អាវុធ មាននគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានត្រៀមកម្លាំងប្រមាណ១០០នាក់ ប្រដាប់ដោយអាវពោង អូប័រ ចុះជួយដល់កន្លែងដែលរងគ្រោះ ឯកងកម្លាំង កងរាជអាវុធហត្ថខេត្ត ក៏ត្រៀមប្រមាណ៣០០នាក់ផងដែរដើម្បីចុះជួយជញ្ជូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons