Tuesday, October 16, 2012

មហាជន ១០ ម៉ឺន​នាក់ នឹង​ចូលរួម​ទទួល​ព្រះ​បរមសព​សម្តេចឪ នៅ​ថ្ងៃស្អែក

ភ្នំពេញ: មហាជន​ប្រមាណ ១០ ម៉ឺន​នាក់ នឹង​ចូលរួម​ទទួល​ព្រះ​បរមសព​សម្តេចឪ សម្តេច ​តា សម្តេច​តា​ទួត ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​នឹង​ដង្ហែ​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។ នេះ​បើ​តាម​លោក ជា គាន អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​។​
​លោក ជា គាន បាន​មានប្រសាសន៍ថា "​យើង​រៀបចំ​កម្លាំង​មហាជន​ប្រហែលជា ១០ ម៉ឺន​នាក់ ដែល​ត្រូវ​រៀប​ទទួល​ព្រះ​បរមសព​សម្តេចព្រះ នរោត្តម សីហនុ ចាប់​ពី​ព្រលាន​យន្តហោះ មកដល់​មុខ​ព្រះបរមរាជវាំង​។ ក្នុងនោះ យើង​មាន​និមន្ត​ព្រះសង្ឃ ៩០ អង្គ សម្រាប់​បង្សុកូល​នៅក្នុង​ព្រលាន​ផង ហើយ​ពេល​មកដល់​វិមានឯករាជ្យ យើង​ឈប់​បង្សុកូល​ម្តងទៀត​។ យើង​រៀបចំ​ទាំង​កម្លាំង​មន្ត្រីរាជការ ប៉ូលិស​ទាហាន សិស្ស​និស្សិត ពុទ្ធបរិស័ទ ប្រជារាស្ត្រ ដែល​យើង​គ្រោងទុក​ថា ១០ ម៉ឺន​នាក់​"​។​

​ លោក ជា គាន ក៏​បាន​បន្ថែមថា "​នៅតាម​ក្រសួង​ស្ថាប័ន​នានា កំពុង​រៀបចំ​តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ក្នុង​រូបភាព​ជា​របៀប​កាន់ទុក្ខ ដោយ​ដាក់​បូ​ខ្មៅ​មួយ និង​គ្រឿង​សក្ការបូជា​ថ្វាយ​ព្រះអង្គ​។ នៅ​ខេត្ត​ខ្លះ គេ​មាន​ធ្វើ​ពិធី​ធំ ដោយ​ជ្រើស​យក​ទីតាំង​ណាមួយ​ទៅ ហើយ​ជួបជុំ គោរព​វិញ្ញាណក្ខ័ន្ធ​ព្រះ​បរ​មសពព្រះអង្គ​។ តាម​វត្ត​អារាម​ក៏មាន​រៀបចំ​ពិធី​បុណ្យ​តាម​ប្រពៃណី ឧទ្ទិស​ថ្វាយ​ព្រះករុណា​ផងដែរ ពិសេស​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ថ្ងៃទី​១៥​តុលា​ម្សិលមិញ យើង​ក៏​បាន​សំណូមពរ​ឲ្យ​វត្ត​និ​មួយៗ ឧទ្ទិស​ថ្វាយ​ព្រះរាជ​ពរ​ដល់​ព្រះ​បរមសព​របស់​ព្រះអង្គ​ផង​ដែរ​"​។​

​ ជាមួយគ្នា​នោះ លោក ជា គាន ក៏​បាន​បន្ថែមថា រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ឲ្យ​កាន់ទុក្ខ​រយៈពេល ៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។ តែ​រយៈពេល​កាន់ទុក្ខ​នេះ មិន​ត្រូវបាន​កំណត់​ជា​ថ្ងៃ​ឈប់សម្រាក​ទេ​។ តែ​យើង​ត្រូវ​កាន់ទុក្ខ​ដោយ​ស្ងប់ស្ងៀម​។​

​តាម​គម្រោង ព្រះ​បរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នឹង​ត្រូវ​ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ព្រះរាជវង្សានុវង្ស ដង្ហែ​តាម​យន្តហោះ មកពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

​រហូតដល់រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ គេឃើញនៅតាម​ផ្ទះ និង​តាម​ដងផ្លូវ​នានា ពិសេស​នៅ​រាជធានី​ភ្នំពេញ ទង់ជាតិ ត្រូវបាន​តាំង ដោយ​បង្ហូត​នៅត្រឹម​ពាក់​កណ្តាល​​ដង ដើម្បី​ចូលរួម​កាន់​ព្រះរាជ​មរណទុក្ខ​របស់​សម្តេចឪ​។ ព្រះឆាយាលក្ខណ៍​របស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ក៏ត្រូវបានដាក់តាំង នៅមុខសណ្ឋាគារ ទីសាធារណៈ និងនៅមុខក្រសួងស្ថាប័នរដ្ឋាភិបាលផងដែរ។​

​ សូម​រម្លឹកថា សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​ម៉ោង ១ និង ២០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​បន្ទាប់ពី​ទទួល​ដំណឹង​ពី​ការ​សោយ​ ទិវង្គត​របស់​សម្តេចឪ នៅ​កម្ពុជា បាន​បង្ហូតទង់ជាតិ ត្រឹម​ពាក់កណ្តាល​ដង ដើម្បី​ជា​ការ​កាន់ទុក្ខ​ដល់​សម្តេច​ឪ នរោត្តម សីហនុ​។​

​ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សរាចរ​ណែនាំ ដោយ​ប្រកាស​ឲ្យមាន​ការកា​ន់ទុក្ខ​សម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។

​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ទូទាំង​ប្រទេស ចូលរួម​កាន់ទុក្ខ​ថ្វាយ​ព្រះ​បរមសព​របស់ ​ស​ម្តេច​ឪ នរោត្តម សីហនុ ដែល​នឹង​ដង្ហែ​ពី​ប្រទេស​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ ដើម្បី​តម្កល់​ធ្វើបុណ្យ នៅក្នុង​ព្រះបរមរាជវាំង ទុក​រយៈពេល​យ៉ាងតិច ៣ ខែ មុន​នឹង​បូជា តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ​។​

​ទូរទស្សន៍​ក្នុង​ស្រុក នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ដង្ហែ​ព្រះ​បរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

​ ប្រសូត្រ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្មាយុ ១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បាន​ធ្វើ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ ពី​បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ជាមួយគ្នា​នោះ ព្រះ​វីរភាព​របស់​សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន ពិសេស​ខាង​ឧស្សាហកម្ម ក្នុង​សម័យ​សង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ )​។​

​ព្រះករុណា សម្តេចឪ ក៏​បាន​ទាមទារ​យក​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ រួម​ទាំង​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​។ ព្រះអង្គ ក៏​ស្វែងរក​សន្តិភាព និង​ផ្សះផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទី​២ នា​ឆ្នាំ​១៩៩៣៕ ដោយ: លី សិលា (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons