Monday, July 30, 2012

មន្រ្តី​គយ​ប៉ោយប៉ែត​ចាក់ចោល​គ្រឿង​ផ្ទុះ​ជាង​២០០​គីឡូក្រាម​ដោយ​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ



(ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត) គ្រឿង​ផ្ទុះ​ជា​គ្រាប់​រំសេវ​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ប្រមាណ​ជាង​២០០​គីឡូក្រាម ត្រូវ​គេ​ប្រទះ​ឃើញ​ចាក់​ចោល​កណ្តាល​វាលស្រែ ស្ថិត​ក្នុង​ភូមិ​មិត្ត​ភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១២ ដោយ​សន្និដ្ឋាន​ថា គឺ​ជា​របស់​គយ​ក្រុង​ប៉ោយ​ប៉ែត។
        តាម​មន្រ្តី​ប៉ូលិស​ដែល​ពិនិត្យ​ដល់​ទីតាំង​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា គ្រឿង​ផ្ទុះ​ដែល​គេ​យក​ទៅ​ចាក់​ចោល​នោះ​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី​១ ជា​គ្រាប់​រំសេវ​ខ្នាត​តូច​ប្រហាក់​ប្រហែល​ទៅ​នឹង​កាំជ្រួច​សម្រាប់​ដុត​នៅ​រដូវ​បុណ្យ​ទាន។ ចំណែក​ប្រភេទ​ទី២ គឺ​ជា​គ្រាប់​រំសេវ​ធន់​ធំ​ ដែល​គេ​វេច​ខ្ចប់​ដាក់​ក្នុង​បំពង់ជ័រ​រាប់​សិប​បំពង់។ ហើយ​ជាមួយ​គ្នា​នោះ គេ​ក៏​រក​ឃើញ​ផង​ដែរ​នូវ​មួក និង​ឯកសារ​មួយ​ចំនួន​របស់​មន្រ្តី​គយ​ក្រុង​ប៉ោយប៉ែត​ស្ថិត​នៅ​ជាមួយ​គ្រាប់​ផ្ទុះ​ទាំង​នោះ។
         លោក ចេង ស អនុ​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា គ្រឿង​ផ្ទុះ​ជា​រំសេវ​ដែល​គេ​បាន​រក​ឃើញ​នោះ គឺ​ជា​របស់​គយ​ក្រុង​ប៉ោយ​ប៉ែត​ដែល​បាន​រើ​រចេញ​ពី​បាត​ឃ្លាំង​ យក​ទៅ​បោះ​ចោល ដើម្បី​ធ្វើ​ឃ្លាំង​ថ្មី។
​​​​​        មតិ​សាធារណៈ​ជន​បាន​រិះគន់​ថា គ្រាប់​រំសេវ​ផ្ទុះ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រហូត​ដល់​ទៅ​ជាង​២០០​គីឡូក្រាម គួរ​តែ​គេ​កម្ទេច​ចោល​តាម​បច្ចេក​ទេស​ណា​មួយ មិន​គួរ​យក​ទៅ​បោះ​ចោល​កណ្តាល​វាល​ដូច្នេះ​ទេ។ ហើយ​ទង្វើ​នេះ​ វា​អាច​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​គិតគូរ​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​របស់​មន្រ្តី​គយ​ក្រុង​ប៉ោយ​ប៉ែត​ផង​ដែរ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons