Sunday, July 1, 2012

នាយករដ្ឋមន្ត្រី​សន្យា​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ដោយ​ផ្ទាល់ដៃ


ដោយ ប៉ែន បូណា
ថ្ងៃ អាទិត្យ 01 កក្កដា 2012
RFI
ក្រោយពី​បញ្ជូន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជិត ៨០០ នាក់​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅថ្ងៃនេះ​ថា នឹង​ចុះទៅ​ចែក​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ផ្ទាល់ដៃ​ក្រោយ​ពេលដែល​ ប្រតិបត្តិ​ការវាស់វែង​ដីធ្លី​នេះ​ចប់​រួចរាល់។ នៅក្នុង​ទំនាស់​ដីធ្លី​នេះដែរ ជនជាប់ចោទ​ក្នុង​សំណុំរឿង​បង្កើត​តំបន់អបគមន៍​នៅ​ឃុំ​កំពង់​ដំរី​ ខេត្តក្រចេះ​បាន​ចូល​សារភាព​ជាមួយ​សមត្ថកិច្ចបណ្តើៗហើយ​ក្រោយ​ការអំពាវនាវ​ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតឯកសារ)
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតឯកសារ)
©channa/rfi
សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
(02:25)
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​នៅថ្ងៃនេះ​ថា នឹង​ចុះ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដោយផ្ទាល់​ដៃដល់​ប្រជាពលរដ្ឋនៅក្នុង​ ភូមិ​ណា​ដែល​ត្រូវបាន​វាស់វែង​ចប់​មុនគេ​ ដើម្បី​ជា​និមិត្តរូប​ក្នុង​ការធានា​សុវត្ថិភាព​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ថ្លែង​ពី​ខេត្តកំពង់ចាម​នាឱកាស​ទិវា​មច្ឆជាតិ ប្រមុខ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​នានា​និង​ប្រជាពលរដ្ឋ​ជួយ​ សម្រួល​ដល់​ការចុះវាស់វែង​ដីធ្លី​ ដើម្បី​ដំណើរការ​ឲ្យ​បាន​ឆាប់រហ័ស។ ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ជិត ៨០០ នាក់​បានចេញ​ដំណើរ​ពី​ភ្នំពេញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឆ្ពោះទៅកាន់​បណ្តា​ខេត្ត​នានា ​ដើម្បី​វាស់វែង​ដី​ជូន​ពលរដ្ឋ​ដែល​មិនទាន់មាន​កម្មសិទ្ធិ​ដីធ្លី​នៅឡើយ។ ក្រុមយុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ជា​ជិត ៤០០នាក់​ផ្សេងទៀត​នឹង​ចេញដំណើរ​ទៅកាន់​គោលដៅ​ដែរ​នៅ​ថ្ងៃទី២ ខែកក្កដា​ស្អែក​នេះ។
ក្រុមយុវជន​ស្ម​គ្រ័​ចិត្ត​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត កូនប្រុស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី និង​ធ្វើការ​ជាមួយ​អ្នកជំនាញ​ ដើម្បី​វាស់​ព្រំដី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើដីរ​បស់​រដ្ឋ​ ឬ​លើដី​សម្បទាន។ យ៉ាងណាក៏ដោយ បេសកកម្ម​នេះ​មិនអាច​វាស់វែង​ដី​ដែល​កំពុងមាន​ទំនាស់​បាន​ទេ។ បើ​យោងតាម​លោកនាយក​រដ្ឋមន្ត្រី ដី​ណា​ដែលមាន​ជម្លោះ​ដណ្តើមគ្នា​រវាង​ប្រជាពលរដ្ឋ ត្រូវ​ទុក​ឲ្យ​តុលាការ​កាត់សេចក្តី​ជាមុនសិន។ ប៉ុន្តែ សម្រាប់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើដីរ​បស់រ​ដ្ឋ និង​របស់​ក្រុមហ៊ុន​សម្បទាន ក្រុមការងារ​នឹង​វាស់​ព្រំដី​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ដល់​ពួកគេ។

នៅក្នុង​ទំនាស់​ដី​នេះដែរ ជនជាប់ចោទ៣នាក់​ក្នុងចំណោម៥នាក់​ ដែល​ក្រសួងមហាផ្ទៃ​ប្រកាស​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការបង្កើត​តំបន់អបគមន៍​ ក្នុង​ឃុំ​កំពង់​ដំរី ខេត្តក្រចេះ​នោះបាន​ចេញមក​សារភាព​ចំពោះមុខ​អាជ្ញាធរ​ហើយ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​អ្នក​ទាំងនោះ​ចេញមក​សារភាព​ កាលពី​ថ្ងៃទី២៦មិថុនា។ នេះ​បើ​យោងតាម​ប្រភពពី​ក្រសួងមហាផ្ទៃ។ ពួកគេ​នឹងត្រូវ​អាជ្ញាធរ​លើកលែងទោស​ និង​ប្រែក្លាយ​ទៅជា​សាក្សី​ដើម្បី​ដាក់បន្ទុក​លើ​មេខ្លោង។ មេខ្លោង​ដែល​អាជ្ញាធរ​សង្ស័​យ​ថា​ជា​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ។

ដំណើរ​ការផ្តល់​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​នៅពេលនេះ​គឺជា​ជំហាន​មួយ​ក្នុងការ ​ឈានទៅ​កាត់បន្ថយ​បញ្ហាដីធ្លី​នៅ​កម្ពុជា ប៉ុន្តែ គេ​មិនដឹងថា ការវាស់វែង​ដីធ្លី​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដឹកនាំ​ដោយ​កូនប្រុស​ លោកនាយក​រដ្ឋមន្ត្រី​នៅពេលនេះ​អាច​បញ្ចប់​បញ្ហាដីធ្លី​ដ៏​ស្មុគស្មាញ​បានដែរ ​ឬ​យ៉ាងណា​នោះទេ៕អត្ថបទ cam news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons