Friday, May 18, 2012

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ពីព្រឹត្តិការណ៍​បង្ក្រាប ​ជម្លោះដីធ្លី នៅ​ខេត្តក្រចេះ
ថ្ងៃទី​ 17 ខែឧសភា ឆ្នាំ2012, ម៉ោង 08:44 AM ប៉ាវ
1

ភ្នំពេញ: ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយបាន​លើកឡើងថា នៅ​ភូមិសាស្ដ្រ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ មាន​ពួក​អនាធិបតេយ្យ​មួយក្រុម​មាន​តួនាទី​ជា​អ្នកដឹកនាំ និង​ជា​សមាជិក​របស់​សមាគម​អ្នកប្រជាធិបតេយ្យ ដែលមាន​ឈ្មោះ ប៊ុន រដ្ឋា ជា​មេក្លោង បាន​ប្រព្រឹត្តល្មើស​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
នៅក្នុង​សេចក្ដីថ្លែងការណ៍ បាន​ចោទប្រកាន់ ឈ្មោះ ប៊ុន រដ្ឋា ជា​មេក្លោងថា បាន​ប្រព្រឹត្តល្មើស​ច្បាប់រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​៖

១. បាន​តាំងខ្លួន​ធ្វើ​តួនាទី​ជំនួស​អាជ្ញាធរ ដោយ​ធ្វើការ​វាស់វែង​ដីធ្លី​បែងចែក​ដល់​ប្រជាជន ដែល​ខ្លួន​បាន​បោក​បញ្ឆោត​ឲ្យ​ចូល​ជា​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ​។​

២. បាន​រារាំង​សមត្ថកិច្ច​នគរបាល មិន​ឲ្យ​បំពេញ​តួនាទី​ក្នុង​ការចុះ​ស្រង់​ស្ថិតិ ប្រជាពលរដ្ឋ ដែល​កំពុងស្នាក់នៅ​ក្នុង​មូលដ្ឋាន​។​

៣. បានធ្វើការ​ចាប់ខ្លួន​យោធា​ចំនួន ២​រូប បង្ខាំង​ទុក និង​បាន​ដកហូត​អាវុធ ២​ដើម ដោះយក​គ្រាប់​ចេញ​។​

៤. បាន​ដឹកនាំ​ធ្វើបាតុកម្ម​ខុសច្បាប់​បិទ​ផ្លូវជាតិ​ជាច្រើនលើក ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​ការធ្វើដំណើរ​រ​បស់​ប្រជាពលរដ្ឋ​។​

៥. បាន​បង្កើត​ភូមិ​ថ្មី​មួយចំនួន និង​ប្រកាស​រំសាយ​ភូមិ​ចាស់​ទាំងបី ក្នុង​ឃុំ​កំពង់​ដំរី បង្កើត​ការដាក់​បា​រ៉ា​ស់​ឆែកឆេរ គំរាមកំហែង​ប្រជាពលរដ្ឋ ឆក់​ប្លន់ និង​វាយ​ធ្វើបាប​ប្រជាពលរដ្ឋ ដែល​មិន​ស្ដាប់​តាម​ក្រុម​របស់​ពួកគេ​។​

៦. គាបសង្កត់​អ្នកដឹកនាំ​ភូមិ និង​ឃុំ មិន​ឲ្យ​ទាក់ទង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​បង្ខាំង​ប្រជាពលរដ្ឋ មិន​ឲ្យ​ចេញពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​។​
រាល់​ទង្វើ​ល្មើសច្បាប់ ដែល​ពួក​មេក្លោង​អនាធិបតេយ្យ បាននិងកំពុង​ប្រព្រឹត្ត គឺជា​ការ​ប្រឆាំងនឹង​តួនាទី​អាជ្ញាធរ​រដ្ឋ ដែល​កើតចេញពី​ការបោះឆ្នោត​តាម​គោ​លការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​នេះ គឺជា​ការប៉ុនប៉ង ដើម្បី​ឈានទៅ​បង្កើត​តំបន់អបគមន៍​។​

ស្ថានភាព​ ខាងលើនេះ បាន​ចាប់បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវ​ប្រើប្រាស់​វិធានការ​ស្របច្បាប់ ដើម្បី​ឈានទៅ​គ្រប់គ្រង​រដ្ឋបាល​នៅ​តំបន់​នោះ​ឡើងវិញ​។​

​នៅ​ព្រឹក​ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាន​បើក​ប្រតិបត្តិ​ការចូលទៅ​គ្រប់គ្រង​តំបន់​នោះ ដោយ​ជោគជ័យ ហើយ​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​មេក្លោង​អនាធិបតេយ្យ ចំនួន ៥​នាក់ ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖

១. ឈ្មោះ ប៊ុន រដ្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សព្វថ្ងៃ ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ខេត្តកំពង់ចាម​។​

២. ឈ្មោះ ប៊ុន ឆន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សព្វថ្ងៃ ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ខេត្តកំពង់ចាម​។​

៣. ឈ្មោះ សុខ តុង ភេទ​ប្រុស អាយុ ៦១​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សព្វថ្ងៃ ភូមិ​ទឹក​ទុំ ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្តកំពង់ចាម​។​

៤. ឈ្មោះ ម៉ា ឆាង ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សព្វថ្ងៃ ភូមិ​កំពាន់ ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្តកំពង់ចាម​។​

៥. ឈ្មោះ ខាត់ សារឿន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សព្វថ្ងៃ ភូមិ​ពន្លាក ឃុំ​ចុង​ជា​ច ស្រុក​មេមត់ ខេត្តកំពង់ចាម​៕​អង្គរធំ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons