ដោយ ៖ លី ហ៊ាង
ថ្ងៃទី 16-03-2012 ម៉ោង 06:20:11 ភ្នំពេញ ៖ លោក អុល សុផាន់ណា អាយុ៤០ឆ្នាំមុខរបរគួកជេម៉ូតូបច្ចុប្បន្ន រស់នៅក្នុងសហគមន៍បុរីកីឡា ផ្ទះលេខ ២២CE1 សង្កាត់ វាលវង់ ខណ្ឌ៧មករា បានអះអាងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ ឱ្យដឹងថា ប្រពន្ធ របស់គាត់កាលពីដើមសប្ដាហ៍នេះ គឺ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ បាន លេបថ្នាំសម្លាប់ខ្លួន១ដងរួចមកហើយ បន្ទាប់ពីបែកធ្លាយរឿងលួចលាក់ផិតក្បត់ជាមួយនឹងបងធម៌ ហើយសុំអង្វរគាត់ ជាប្ដីយកបុរសជាបងធម៌ម្នាក់ទៀតនេះ ធ្វើជាប្ដីមិនបាន ។
លោក អុល សុផាន់ណា ជាប្ដីអ្នកស្រី សួន សារ៉ាយ អាយុ៣៧ឆ្នាំបានបញ្ជាក់ ថា គាត់ និងប្រពន្ធបានរាប់អានបុរស ពោះម៉ាយម្នាក់ឈ្មោះ ប្រាក់ ជាតិថូ អាយុជាង៥០ឆ្នាំជានាយទាហានជាន់ខ្ពស់ដូចជាបងប្អូនបង្កើតជាយូឆ្នាំ មកហើយ ហើយបុរសពោះម៉ាយដែលមានផ្ទះនៅ ជាប់គ្នាតែងតែចេញចូលហូបបាយព្រឹកល្ងាចនៅនឹងផ្ទះរបស់គាត់តែមិន នឹកស្មាន ថាបុរសពោះម៉ាយ ប្រាក់ ជាតិថូ ហ៊ាន លូកថ្លើមលួចសហាយស្មន់ជាមួយនឹង ប្រពន្ធគាត់សោះ ។
លោកបានបន្ដថា រឿងសហាយស្មន់ ប្រពន្ធគាត់ និងបុរសពោះម៉ាយ ប្រាក់ ជាតិថូ នេះបានបែកធ្លាយឡើងគឺបន្ទាប់ ពីប្រពន្ធបានទម្លាយប្រាប់កាលពីថ្ងៃទី ទី១២ ខែមីនា ដោយប្រពន្ធគាត់ចេះ តែត្អូញត្អែរប្រាប់គាត់ជាប្ដីថា នាងចេះ តែពិបាកចិត្ដបន្ទាប់មកប្រពន្ធក៏បាន លេបថ្នាំសម្លាប់ខ្លួនដែលលើកដំបូងបញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យសម្ភពក្រុង។ លោកបានបញ្ជាក់ថា ពេលដែលលេប ថ្នាំលើកទីមួយនោះ ប្រពន្ធមិនទាន់បាន ទម្លាយរឿងសហាយស្មន់ប្រាប់គាត់ នោះទេ ប៉ុន្ដែនៅមុខពេលលេបថ្នាំជា លើកទី២ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ រូបគាត់ជាប្ដីបានអង្វរប្រពន្ធឱ្យប្រាប់រឿងដែលប្រពន្ធត្អូញត្អែរ ពីការពិបាកចិត្ដ នោះ ហើយប្រពន្ធបានទម្លាយអាថ៌កំបាំង ដែលមិនអាចលាក់តទៅទៀតបានថា “រូបគាត់បានជ្រុលជ្រួសជាមួយនឹងបុរស ពោះម៉ាយ ប្រាក់ ជាតិថូ ខណៈបុរសប្រាក់ ជាតិថូ បានចាប់ដៃសារភាពស្នេហ៍ថា គាត់(ប្រាក់ ជាតិថូ)ស្រឡាញ់និងបាន រួមរ័កជាមួយគ្នាជាបន្ដបន្ទាប់មកនោះ” ។ លោក អុល សុផាន់ណា បានបន្ដថា ក្រោយពេលធ្លាយរឿងអាស្រូវនេះ លោក គិតថា កុំឱ្យវាខ្មាសអ្នកជិតខាងលោកក៏ បានអង្វរប្រពន្ធឱ្យទៅរស់នៅឯស្រុកកំណើតរបស់លោកហើយបំភ្លេចរឿងនេះ ចោលចុះ និងចាត់ទុកថា ជាយល់សប្ដិ អាក្រក់ក៏ប៉ុន្ដែប្រពន្ធរបស់គាត់បាន ឆ្លើយតបមកវិញថា មិនអាចធ្វើដូច្នេះ បានទេ ព្រោះរូបគាត់ (ប្រពន្ធ) បាន ប្រគល់បេះដូងទៅលើបុរសពោះម៉ាយ ប្រាក់ ជាតិថូ នេះទៅហើយ ។ ប្រពន្ធ របស់គាត់បានប្រាប់ទៀតថា គាត់(ប្រពន្ធ) មិនទៅរស់នៅឯស្រុកទេសុខចិត្ដយកទាំង២ដោយឱ្យរូបគាត់ជាប្ដី ទទួលស្គាល់បុរស ពោះម៉ាយនេះផង ។
លោកឱ្យដឹងថា ទំនងជាដោយការ មិនយល់ព្រមទទួលយកបុរសពោះម៉ាយ ឱ្យមករស់នៅធ្វើជាប្ដីទី២ ទើបប្រពន្ធ របស់គាត់សម្រេចលេបថ្នាំសម្លាប់ខ្លួន ជាលើកទី២ កាលពីរសៀលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១២ ហើយពេលនេះកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្ដេចឪ ។
លោកបានឱ្យដឹងដែរថា រូបគាត់នឹង ប្រពន្ធ សួន សារ៉ាយ បានចាប់ដៃរស់ នៅជាមួយគ្នា តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ ដែលរហូតមកទល់ពេលនេះមានកូន ប្រុសស្រី៣នាក់ដោយកូនស្រីច្បងមាន អាយុ១៣ឆ្នាំ កូនប្រុសទី២ អាយុ៧ឆ្នាំ និង កូនប្រុសទី៣ អាយុ៣ឆ្នាំ ។ លោកបាន បញ្ជាក់ថា អាពាហ៍ពិពាហ៍រវាងលោក និងប្រពន្ធមិនបានធ្វើពិធីធំដុំនោះ ទេ ប៉ុន្ដែបានសែនព្រេននៅចំពោះមុខ ឪពុកម្ដាយទាំងសងខាងបានដឹងឮទាំងអស់ ។ លោកបានបន្ដទៀតថា ការរស់នៅរវាង គាត់និងប្រពន្ធពុំដែលមានភាពល្អក់កករ នឹងគ្នានោះទេ ហើយលោកក៏ពុំមែនជាបុរស អសមត្ថភាពផ្លូវភេទនោះដែរ ។
លោក អុក សុផាន់ណា បុរជាប្ដីបាន ឱ្យដឹងដែរថា ចំពោះរឿងអាស្រូវប្រពន្ធ របស់ខ្លួនលួចផិតក្បត់ជាមួយនឹងបុរស ដែលគាត់ចាត់ទុកថា ជាបងធម៌ និង លើសពីបងប្អូនបង្កើតទៀតនោះគាត់នឹងមិនបន្ដរស់នៅជាមួយប្រពន្ធទៀត ទេ គឺនឹងសុំបែកផ្លូវគ្នាដោយទាមទារឱ្យ បុរសពោះម៉ាយ ប្រាក់ ជាតិថូ បង់ជំងឺ ចិត្ដ៥ពាន់ដុល្លារ ដើម្បីប៉ះប៉ូវបេះដូង និងសម្រាប់ចិញ្ចឹមកូនទាំង៣ ។ ប៉ុន្ដែ លោក ប្រាក់ ជាតិថូ បានឆ្លើយតប នឹងការ ទាមទារជំងឺចិត្ដដោយសុខចិត្ដឱ្យប្រាក់ ១ពាន់ដុល្លារដូចជាការថ្នូរនឹងការទិញ ប្រពន្ធ ។
លោក ប្រាក់ ជាតិថូ ដែលគេដឹងថា ជាមន្ដ្រីយោធាពាក់ស័ក្ដិ៥នៅរសៀលថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១២ មិនអាច ពន្យល់តាមទូរស័ព្ទលម្អិត ជុំវិញការ លើកឡើងរបស់លោក អុល សុផាន់ណា ជាប្ដីអ្នកស្រី សួន សារ៉ាយ បាននោះទេ តែ លោក ប្រាក់ ជាតិថូ គ្រាន់តែបញ្ជាក់ យ៉ាងខ្លីថា “ខ្ញុំអត់ដឹងអីដែរ បើប្អូនឯង ចង់ដឹងអីច្បាស់លាស់ ប្រពន្ធគេដេកនៅ ពេទ្យទៅសួរទៅ” ។
អ្នកស្រី សួន សារ៉ាយ នគរវត្ដក៏មិន អាចទាក់ទងសុំការបំភ្លឺបានដែរ ថាតើការ លើកឡើងរបស់លោក អុល សុផាន់ណា ជាប្ដីវាជារឿងពិត ឬក៏អត់? គ្រាដែល បុរសជាប្ដីបានទូរស័ព្ទមកការិយាល័យ និពន្ធសារព័ត៌មាននគរវត្ដសុំឱ្យជួយពន្យល់ អំពីច្បាប់ ហើយនឹងជួយអន្ដរាគមន៍ដល់ សមត្ថកិច្ច និងអង្គការនានាដែលអាច ជួយលោកបាន ។ ការដែលលោកទូរស័ព្ទ មករកអន្ដរាគមន៍នេះទំនងជាលោក បារម្ភពីសន្ដិសុខផ្ទាល់ខ្លួន ខណៈដែលបាន រាប់អានលោក ប្រាក់ ជាតិថូ ជាមន្ដ្រី យោធាធ្វើជាបងធម៌តែបែរជាលបលួចសហាយស្មន់ជាមួយប្រពន្ធខ្លួន ។
លោក អុល សុផាន់ណា បានឱ្យដឹង ដែរថា ដើម្បីសន្ដិសុខផ្ទាល់ខ្លួននៅល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ លោកបាន ទៅប្ដឹងមន្ដ្រីកងរាជអាវុធហត្ថខណ្ឌ៧មករា ព្រោះថា ភាគីដែលលួចសហាយស្មន់ជា មួយប្រពន្ធខ្លួនជាមន្ដ្រីយោធា ។
លោកបានឱ្យដឹងដែរថា នៅល្ងាចថ្ងៃ ទី១៥មីនានេះដែរ ប្រពន្ធដែលកំពុងព្យា បាលនៅមន្ទីរពេទ្យបានទូរស័ព្ទឱ្យគាត់ជាប្ដីទៅដឹកមកសាលាសង្កាត់ វាលវង់ ដើម្បីលែងលះគ្នាឱ្យដាច់ស្រេច ។
គួរបញ្ជាក់ថា រឿងបងធម៌ប្អូនធម៌ ហើយឈានដល់ប្រព្រឹត្ដអំពើមិនគប្បី ខុសនឹងប្រពៃណីខ្មែរបានកើតឡើងជា ញឹកញាប់ ។ ទីបញ្ចប់អ្នកដែលបាត់បង់ កត្ដិយសពិតប្រាកដ ដោយសាររាប់អាន គ្នាជាបងធម៌ប្អូនធម៌នោះ គឺឪពុកម្ដាយ និងកូនៗខ្លួនឯងតែប៉ុណ្ណោះ ៕ដកស្រង់ពីនគរវត្ត


