Tuesday, July 16, 2013

ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ជួប​ពិភាក្សា​គ្នា​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​នៅ​ខេត្ដសៀមរាប​

     
​ខេត្ដសៀមរាប​ ៖​ ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា​ និង​ថៃ​ថ្នាក់​ភូមិភាគ​កណ្ដាល​នៃ​ ប្រទេស​ទាំង​២​ ដែល​កម្ពុជា​មាន​ចំនួន​៥​ ខេត្ដ​ចូលរួម​គឺ​ ខេត្ដសៀមរាប​,​ បាត់ដំបង​,​ បន្ទាយ​មាន​ជ័យ​,​ កំពង់ឆ្នាំង​ និង​ពោធិ៍សាត់​ រីឯ​ភាគី​ថៃ​ រួម​មាន​ចំនួន​៥​ខេត្ដ​ដែរ​គឺ​  ខេត្ដ​ឆា​ឆឹង​,​ សាវ​ប្រា​ជី​ន​បូ​រី​,​ ស្រះ​កែវ​,​ ណា​ក​ណា​យុគ​ និង​សា​មុត​ប្រា​កាន​ បាន​ជួប​ ពិភាក្សា​គ្នា​នា​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​ ២០១៣​ នៅ​ខេត្ដសៀមរាប​ ដើម្បី​ពង្រឹង​ ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ ប្រសើរ​ឡើង​ថែម​ទៀត​ ហើយ​ពិធី​ជួប​ ពិភាក្សា​នេះ​បាន​ប្រារឰ​ធ្វើ​ឡើង​នៅ​ក្នុង​  សណ្ឋាគារ​ព្រី​ម​អង្គរ​នៃ​ក្រុង​សៀមរាប​ ក្រោម​ការ​រៀបចំ​ និង​ដឹកនាំ​ប្រជុំ​ពី​ សំណាក់​លោក​ប៊ុ​ន​ ថា​រិ​ទ្ធ​ អភិបាលរង​ ខេត្ដសៀមរាប​ ។​
​មាន​ប្រសាសន៍​នា​ឱកាស​បើក​កិច្ច​ ប្រជុំ​នោះ​ លោក​ប៊ុ​ន​ ថា​រិ​ទ្ធ​ បានឱ្យ​ដឹង​ថា​  ការ​ពិភាក្សា​គ្នា​របស់​មន្ដ្រី​រាជរដ្ឋាភិបាល​ ថ្នាក់​ខេត្ដ​នៃ​ប្រទេស​ទាំង​២​កម្ពុជា​ និង​ថៃ​ នៅ​ពេល​នេះ​ គឺ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ការ​ អភិវឌ្ឍ​លើក​វិស័យ​សំខាន់ៗ​របស់​ប្រទេស​ ទាំង​២​ ដូច​ជា​វិស័យ​ទេសចរណ៍​,​ អប់រំ​,​ កសិកម្ម​,​ ឧស្សាហកម្ម​,​ វិទ្យាសាស្ដ្រ​ និង​បច្ចេកវិទ្យា​កីឡា​ ព្រមទាំង​វិស័យ​ ផ្សេងៗ​មួយ​ចំនួន​ទៀត​ ។​
​លោក​ ប៊ុ​ន​ ថា​រិ​ទ្ធ​ បានឱ្យ​ដឹង​ទៀត​ថា​  ដោយសារ​កន្លង​មក​តំបន់​ព្រំដែន​នៃ​ ប្រទេស​ទាំង​២​មាន​បញ្ហា​បន្ដិចបន្ដួច​បាន​ ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ កម្ពុជា​និង​ថៃ​ នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៣​កន្លង​ទៅ​នេះ​មានការ​ធ្លាក់​ចុះ​ តិចតួច​ ពោល​គឺ​ក្នុង​រង្វង់​៣​ភាគរយ​បើ​ ប្រៀបធៀប​ក្នុង​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ ឆ្នាំ​២០១២​ ។​ ប៉ុន្ដែ​បញ្ហា​នេះ​ត្រូវ​បាន​ ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​២​ អនុញ្ញាត​ឱ្យ​មន្ដ្រី​រដ្ឋាភិបាល​និង​វិស័យ​ ឯកជន​នៅ​តាម​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន​ ជួប​ពិភាក្សា​គ្នា​រក​ឱ្យ​ឃើញ​ពី​មូលហេតុ​  ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​គ្នា​ឱ្យ​បាន​ ល្អ​ប្រសើរ​ឡើង​វិញ​ ដូច​ជា​ជំរុញ​ឱ្យ​ខេត្ដ​ នៅ​ជាប់​ព្រំដែន​មានការ​រៀបចំ​តាំង​ ពិព័រណ៍​ពាណិជ្ជកម្ម​ ផ្លាស់​ប្ដូរ​ទំនិញ​គ្នា​ ឱ្យ​បាន​ច្រើន​ដង​ ។​ ការ​ជួប​ប្រជុំ​គ្នា​លើក​ នេះ​ជា​ការ​ពិភាក្សា​លម្អិត​មួយ​ដើម្បី​ចង​ ក្រង​ឯកសារ​និង​ឈាន​ទៅ​ចុះ​អនុស្សរណៈ​ ជា​ផ្លូវការ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៣​ខាង​ មុខ​នេះ​ ។​ នេះ​ជា​លទ្ធផល​វិជ្ជមាន​មួយ​ ដែល​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ -​ថៃ​មានការ​ជឿនលឿន​ទៅ​មុខ​ ៕nokowat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons