Saturday, July 13, 2013

ចោរ​ប្រដាប់​អាវុធ​ ចូល​ប្លន់​ផ្ទះ​លក់​ទូរ​ស័ព្ទ​ ដូរ​លុយ​និង​លក់​មាស​ សរុប​ជា​ទឹក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ

ថ្ងៃទី​ 13 ខែកក្កដា ឆ្នាំ2013, ម៉ោង 02:09 PM ដោយ ៖ មុំ ចាន់វីរៈ


ភ្នំពេញ៖ ​ផ្ទះ​លក់​ទូរ​ស័ព្ទ​ ដូរ​លុយ​ វេរ​លុយ​ និង​លក់​មាស​យី​ហោ​ ស៊ិន​ សាង​អូន​ ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​លេខ​ C31​ ភូមិ​១៩​ ក្រុម​ 42​B ​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ត្រូវ​ចោ​រ​ប្លន់​ប្រដាប់​អាវុធ​២​នាក់​ វាយ​បំ​បែក​កញ្ចក់​ទូ​​ប្រមូល​យក​លុយ​ និង​គ្រឿង​អលង្កា​រ​ មាស​ និង​ប្លា​ទីន​ សរុប​ជា​ទឹក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ ​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​​រសៀល​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៣​ ។​
បើ​តាម​ម្ចាស់​ផ្ទះ​ឈ្មោះ​ ហេង​ គឹម​ស្រ៊ឺ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ មុខ​របរ​លក់​ទូរ​ស័ព្ទ​ ប្តូរ​លុយ​ វេរ​លុយ​ និង​លក់​មាស​ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​​មាន​ជន​សង្ស័យ​២​នាក់​អាយុ​ប្រមាណ​ជា​៣០​ឆ្នាំ​ ពាក់​មួក​ការ​ពារ​សុវត្ថិភាពនិងពាក់ម៉ាស់បិទមុខជិតទាំងពីរនាក់ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ អត់ចាំស្លាកលេខ មួយគ្រឿង ទៅឈប់នៅមុខហាងលក់ទូរស័ព្ទ​រួចដើរចូលទៅក្នុងផ្ទះ ក្នុងនោះជនសង្ស័យម្នាក់ពាក់អាវពណ៌លឿងដៃវែងកាន់ញញួរនៅនឹងដៃ ចំណែកជនសង្ស័យម្នាក់ទៀតពាក់អាវពណ៌សដៃវែង ប្រដាប់​ដោយកាំភ្លើងខ្លីមួយដើម ដើរចូលទៅភ្ជង់ម្ចាស់ផ្ទះហើយយកញញួរវាយបំបែកកញ្ចក់ទូលក់ មាស និងប្តូរលុយធ្វើឲ្យបែកខ្ចាយហើយប្រមូល​យកប្រាក់ចំនួន​១០លានរៀល មាស២ម្លឹង និងប្លាទីន២តម្លឹង និងប្រាក់ដុល្លារមួយចំនួនទៀត គិតជាប្រាក់សរុបទាំងអស់ជាង១ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថា ករណីប្លន់ប្រដាប់អាវុធនេះ មិនមានការផ្ទុះអាវុធធ្វើឲ្យម្ចាស់ផ្ទះ រងរបួសទេ គ្រាន់តែភ្ជង់គំរាមប្លន់យកទ្រព្យសម្បត្តិតែប៉ុណ្ណោះ ។ ខណៈពេល​ជនសង្ស័យធ្វើសកម្មភាពប្លន់យកលុយនិងគ្រឿងអលង្កាបានហើយ ជនសង្ស័យ បានជិះម៉ូតូគេចទៅបាត់ ទើបម្ចាស់ផ្ទះបានប្តឹង​ទៅសមត្ថកិច្ច​ចុះទៅស្រាវ​ជ្រាវ​នៅផ្ទះកើតហេតុ ខាងលើនិងឆែកមើលតាមកាមេរ៉ាសុវត្ថិភាពរួចរាល់ហើយ ។
កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមរុករកជនសង្ស័យដែលមានភិនភាគដូចក្នុងកាម៉េរ៉ាសុវត្ថិភាពដើម្បី យកមកផ្តន្ទាទោសតាមច្បាប់ ៕


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons