Thursday, July 11, 2013

កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ឃាត់​ខ្លួន​បុរស​ម្នាក់​ ពី​បទ​ឆបោក​ប្រាក់​ អស់​ជាង​២៥​ម៉ឺន​ដុល្លារ​


ថ្ងៃទី​ 12 ខែកក្កដា ឆ្នាំ2013, ម៉ោង 10:06 AM ដោយ ៖ គួន ចំរើន

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១៣​ ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ លើ​ផ្ទៃ​ប្រទេស​នៃ​ការិ​យា​ល័យ​ ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​តាម​ ដី​កា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​ អយ្យ​ការ​សា​លា​ដំបូង​ ខេត្ត​សៀម​រាប​ ។​
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ុន ប៊ុនហេង ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ឈ្មោះ ខែក វិទូ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិរូតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានមកនិយាយអះអាងថារូបគេមានអាជ្ញាប័ណ្ណដឹកជញ្ជូនឈើក្នុងស្រុក និងសន្យាលក់ឈើទាំងនោះឲ្យទៅឈ្មោះ ស៊ុន ប៊ុនហេង ក្នុងមួយជើងចំនួន២០ម៉ែត្រគូប ។
បន្ទាប់ពីព្រមព្រៀងកិច្ចសន្យាទិញលក់ឈើរួចហើយ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ឈ្មោះ ខែក វិទូ បានសុំខ្ចីលុយជាមុនចំនួន២០ម៉ឺនដុល្លារ ដោយសន្យាថានឹងកាត់ថ្លៃឈើសងវិញ បន្ទាប់មកស្រាប់តែឈ្មោះ ខែក វិទូ បានសុំខ្ចីប្រាក់ចំនួន៥ម៉ឺនដុល្លារទៀត ។ លុះដល់ថ្ងៃកំណត់សន្យា ឈ្មោះ ខែក វិទូ មិនបានអនុវត្តតាមកិច្ចសន្យាទេ ថែមទាំងកិច្ចវេសរហូត ទើបឈ្មោះ ស៊ុន ប៊ុនហេង បានស្រាវជ្រាវដឹងថា ឈ្មោះ ខែក វិទូ មិនមានអាជ្ញាប័ណ្ណដឹកជញ្ជូនឈើនោះទេ ។
ករណីឆបោកខាងលើនេះ ប្រព្រឹត្តទៅនៅភូមិដា ឃុំដា ស្រុកមេម៉ត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ។ រហូតដល់ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនឈ្មោះ ខែក វិទូ នៅជិតសាលាដំបូងរាជធានីភ្នំពេញ តាមផ្លូវ​លេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈពេលដែលកំពុងតែជិះរថយន្តម៉ែរសឺដេស S430 ពណ៌ខ្មៅ ជាមួយតៃកុងរថយន្តម្នាក់ ។ បន្ទាប់ពីឃាត់ខ្លួនជនឆបោកខាងលើរួចហើយសមត្ថកិច្ចបានបញ្ជូនទៅសាកសួរនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons