Saturday, July 13, 2013

លោក ហោ ណាំហុង​៖ ការលើកលែង​ទោស​លោក​សមរង្ស៊ី គ្មាន​ការគាបសង្កត់​ពី​បរទេស​ណា​ទេ


ថ្ងៃទី 13 កក្កដា 2013
ដោយ: មុនីរាជ



ភ្នំពេញ: លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានប្រកាសថា ការលើកលែង​ដល់​លោក​ សម ​រង្ស៊ី មិន​មាន​ការគាបសង្កត់​ពី​បរទេស​ណា​ទេ​។ នេះ​ជា​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​ហ៊ុន​សែន​ ក្នុង​ស្មារតី​បង្រួប​បង្រួម​ជាតិ។​
ការបញ្ជាក់​របស់លោក ហោ ណាំហុង ខាងលើនេះ បាន​ធ្វើឡើង ក្នុង​សន្និសីទកាសែត នៅ​ម៉ោង​ជាង ១០ ព្រឹក​នេះ បន្ទាប់ពី​លោក​ប្រមុខ​ការទូត ជួប​លោក​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក Jeff Diagle កាលពី​ព្រឹក​ម៉ោង ១០ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ​។​
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ថា លោក​បាន​ជួប​ជាមួយ​ភារៈធារី​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​ប្រគល់​លិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះមហាក្សត្រ លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី និង​ព្រះរាជក្រឹត្យ​លើកលែងទោស ជូន​ទៅ​លោក​ភារៈធារី​សហរដ្ឋអាមេរិក​។ ​
 លោក ហោ ណាំហុង បាន​បញ្ជាក់​ជូន​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​សម្តេច​តេជោ បាន​សូមឲ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​លោក សម រង្ស៊ី​។​
    
​ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់​ថា “​ប្រការ​នេះ​ក៏​បញ្ជាក់​ឲ្យឃើញ​នូវ​នយោបាយ​របស់គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​របស់​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​ការបង្រួបបង្រួម​ជាតិ​”​។
​លោក ហោ ណាំហុង បាន​លើកឡើង​ថា កាលពី​ឆ្នាំ​១៩៨៧ គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​តេជោ ហ៊ុន សែន ពេលនោះ ក៏​បាន​យកគំនិត​ផ្តួចផ្តើម​ចរចា​ជាមួយ​ព្រះវររាជបិតា​ព្រះ​បរម​រតន​កោដ្ឋ ដែល​ពេលនោះ ជា​ប្រធាន​រដ្ឋាភិបាលចម្រុះ​ត្រី​ភាគី​របស់​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​បង្រួបបង្រួម​ជាតិ ហើយ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។
​លោក ហោ ណាំហុង បាន​បន្តថា មិនយូរប៉ុន្មាន ប៉ុន្មាន​ឆ្នាំ​ទៅ​នេះ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ សម្តេច​តេជោ ហ៊ុន សែន ក៏​យកគំនិត​ផ្តួចផ្តើម​ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ ដែល​ឈាន​ដល់​ការ​រលំរលាយ​ទាំងស្រុង នៃ​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ ទាំង​នយោបាយ ទាំង​យោធា ហើយ​ឈានដល់​ការ​ចុះចូល​របស់​កម្ពុជា​ប្រជាធិបតេយ្យ ឈាន​ដល់​ការបង្រួបបង្រួម​ជាតិ​ជា​ថ្មី​ម្តងទៀត ឯកភាព​ជាតិ​ជា​ថ្មី​ម្តងទៀត​។​

​លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បាន​បន្តទៀតថា នេះ​បង្ហាញឲ្យឃើញថា នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា របស់​សម្តេច​តេជោ ហ៊ុន សែន ជានិច្ច ជា​កាល ប្តេជ្ញា​ធ្វើ​យ៉ាងណា​ឲ្យមាន​ការបង្រួប​បង្រួ​ម​ជាតិ ឲ្យមាន​ការឯកភាព​ជាតិ​។ ជាពិសេស​ក្នុង​ពេល​ឥឡូវនេះ ពេល​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី ដើម្បី​ឈានដល់​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ ប្រជាធិបតេយ្យ​។ នេះ​ជា​ការប្តេជ្ញា​ចិត្ត​របស់​ស​ម្តេច​តេជោ ហ៊ុន សែន ឈាន​ដល់​ការបោះឆ្នោត ដោយ​ប្រជាធិបតេយ្យ ត្រឹមត្រូវ និង​ដោយ​យុត្តិធម៌​។​
     
​លោក​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​បញ្ជាក់​ជូន​ភារៈ​ធា​រី​ស្ថានទូត​សហរដ្ឋអាមេរិក​ថា “​ប្រការ​ទាំងអស់នេះ សបញ្ជាក់​ឲ្យឃើញ​ថា កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដឹង​ច្បាស់​ណាស់ តើ​ត្រូវ​ដោះស្រាយ​បញ្ហា​របស់​ខ្លួន យ៉ាងម៉េច​? ត្រូវ​ដោះស្រាយ​ការបង្រួបបង្រួម​ជាតិ យ៉ាងម៉េច​? ត្រូវ​ធ្វើឲ្យ​ការបោះឆ្នោតដោយ​ប្រជាធិបតេយ្យ សេរី និង​យុត្តិធម៌ យ៉ាងម៉េច​? មិន​ចាំបាច់​មាន​អន្តរាគមន៍​ពី​បរទេស​ទេ​។ មិន​ចាំបាច់​មាន​មេរៀន​ពី​បរទេស​ទេ​។ យើង​ចេះ​ធ្វើ​ខ្លួនឯង យើង​ចេះ​ម្ចាស់ការ​ខ្លួនឯង​”​។​
​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង ក៏​បាន​អំពាវនាវ​ទៅកាន់​អាមេរិក​ថា “​សូមឲ្យ​រដ្ឋាភិបាល​អាមេ​រិក មាន​ទស្សនៈ ដោយ​មាន​ការ​ថ្លឹងថ្លែង​អំពី​ការពិត​នៅ​កម្ពុជា​។ កុំ​មើល​មក​កម្ពុជា តាមរយៈ​សារព័ត៌មាន​ប្រឆាំង​!​។ កុំ​មើល​មក​កម្ពុជា តាមរយៈ​គណបក្សប្រឆាំង​!​។​
    
​ជា​ការឆ្លើយតប លោក Jeff Diagle  ភារៈធារី​ស្ថានទូត​សហរដ្ឋអាមេរិក ក៏​បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៣ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក ក៏​បាន​ស្វាគមន៍​នូវ​ការលើកលែងទោស​របស់​លោក សម រង្ស៊ី​។ នេះ​បើ​តាម​ការលើកឡើង​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់​ថា ការស្នើ​របស់​សម្តេច​ត​តេជោ ហ៊ុន សែន ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែង​ទោស​លោក សម រង្ស៊ី មាន​ការស្វាគមន៍​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ទាំងអស់​។​
សូម​រម្លឹកថា កិច្ចប្រជុំ​ដោយ​បិទទ្វារ​រវាង​លោក ហោ ណាំហុង និង​ភារធារី ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា កាលពីព្រឹកថ្ងៃទី១៣កក្កដានេះ បាន​ធ្វើឡើង បន្ទាប់ពី​សមាជិក​សភា​អាមេរិក បាន​បើក​កិច្ចប្រជុំ ហើយ​ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក កាត់​ជំនួយ​ដល់​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ជាពិសេស​គឺ​ត្រូវ​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី វិលត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​មាន​ការចាប់ខ្លួន​។​
​កិច្ចប្រជុំ​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​អ្នកការទូត​អាមេរិក នៅ​ព្រឹក​នេះ ក៏​បាន​ធ្វើឡើង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​សម​រង្ស៊ី ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជ​ប្រទាន​ការលើកលែងទោស តាម​សំណើ​របស់​សម្តេច​ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៣៕​CEN

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons