Saturday, July 13, 2013

រយៈ​ពេល​១​ខែ​ ខេត្ត​ព្រៃ​វែង​ កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​២០​ករណី​ ស្លាប់​​៨​​នាក់​​ របួស​ធ្ងន់​ស្រាល​៤២​នាក់​


ថ្ងៃទី​ 13 ខែកក្កដា ឆ្នាំ2013, ម៉ោង 01:39 PM ដោយ​ ៖ សំ​ ពៅពិសដ្ឋ


ព្រៃវែង៖ តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ប៉ូលីស​​ចរា​ចរណ៍​នៃ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​ខេត្ត​ថា​ ក្នុង​រយៈ​ពេល​១​ខែ​គិត​ចាប់​ ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​កក្តដា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រៃ​វែង​ បាន​កើត​មាន​ហេតុ​ការណ៍​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​២០​លើក​
ដែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៨នាក់ ក្នុងនោះស្រី១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤២នាក់ ក្នុងនោះស្រី៨នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីខែកន្លងទៅឃើញថា ចំនួនគ្រោះថ្នាក់បានកើនឡើងចំនួន១៣លើក ស្មើនឹង១៨% ចំនួនអ្នករបួសកើនឡើង២១​នាក់ស្មើនឹង១០០% រីឯចំនួនមនុស្សស្លាប់មានការកើនឡើងចំនួន២នាក់ ស្មើនឹង៣៣%។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២០ករណីនេះ បានបណ្តាលឲ្យមានការខូចខាតរថយន្ត ចំនួន១១គ្រឿង ម៉ូតូចំនួន១៦គ្រឿង និងយានផ្សេងៗ​ចំនួន៤គ្រឿង។ ប្រភពពត៌មានពីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺ​បណ្តាលមកពី ការបើកបរហួសល្បឿនកំណត់ចំនួន១៦ករណី បើកបរប្រជែងគ្នាបណ្តាលអោយមានគ្រោះថ្នាក់២ករណី បើកបរដោយធ្វេសប្រហែស១ករណី និងកត្តាយានយន្ត១ករណី។
បច្ចុប្បន្ននេះមន្រ្តីការិយាល័យចរាចរណ៍ខេត្តបានធ្វើការដោះស្រាយចប់បានចំនួន១៤ករណី បញ្ជូនទៅតុលាការខេត្ត១ករណី នៅសល់៥ករណីទៀត​កំពុងធ្វើ​ការដោះស្រាយ។ ចំពោះបញ្ហាប្រឈមដែលនៅតែកើតមាន គឺប្រជាពលរដ្ឋភាគច្រើននៅតែមិនព្រមចូលរួមគោរពច្បាប់ចរាចរណ៍ ការបើកបរនៅតែ​ប្រើប្រាស់​ល្បឿនលឿនហួសកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ ជាពិសេសការបើកបរនៅក្នុងស្ថានភាពស្រវឹង ។angkorthom


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons