Tuesday, November 13, 2012

អាជ្ញាធរ​រឹត​បន្តឹ​ង​សន្តិសុខ​សណ្តាប់ធ្នាប់​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន


សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ ដាក់​ញត្តិ​សុំ​​អន្តរាគមន៍​ពី​លោក ​អូបាម៉ា​។ RFI/Siv Channaអាជ្ញាធរ ​កម្ពុជា បាន​ដាក់​វិធានការ​រឹតបន្តឹង​ សន្តិសុខ សណ្តាប់ធ្នាប់ ដោយ​ចាត់តាំង​កម្លាំង​ ប៉ូលិស​​ទាហាន​ជាង ​១​ម៉ឺន​នាក់​ ដើម្បី​ការពារ​ សុវត្ថិភាព​ដល់​មេ​ដឹកនាំ​កំពូលៗ ក្នុង​អំឡុង ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ នៅ​តាម​ទី​សាធារណៈ​វិញ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ប្រមូល​ជន​អនាថា ចេញ​ពី​ផ្លូវ​សាធារណៈ។ អាជ្ញាធរ ក៏​បាន​ព្រមាន​ចាប់​ខ្លួន​ក្រុម​អ្នក​ធ្វើ​បាតុកម្ម តវ៉ា​រឿង​ដី​ធ្លី ដែល​គ្រោង​ នឹង​សុំ​អន្តរាគមន៍​ពី​លោក​អូបាម៉ា​ ផង​ដែរ។
កម្ពុជា​បាន​ត្រៀម​កម្លាំង​ប៉ូលិស​ទាហាន​ ជាង ១ ម៉ឺន​នាក់​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​មេ​ដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃ​គូ​សរុប​១៧​ប្រទេស ដែល​នឹង​មក​ចូល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

អ្នកនាំ​ពាក្យ​នគរបាល​ជាតិ លោក​ឧត្តម​សេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បាន​ប្រាប់​អ្នក​កាសែត​ថា កង​កម្លាំង​ទាំង​នោះ​នឹង​ប្រើប្រាស់ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​កិច្ចប្រជុំ ​នៅ​ពេល​​ខាង​មុខ​។​ កម្លាំង​សន្តិសុខ​ទាំង​នោះ នឹង​ត្រូវ​ដាក់​ពង្រាយ​តាម​ព្រលាន​យន្តហោះ វិមាន​​សន្តិភាព​ដែល​ជា​កន្លែង​ប្រជុំ​សណ្ឋាគារ​និង​តាម​ដង​ផ្លូវ​នានា។

ដើម្បី​ត្រៀម​ការពារ​សន្តិសុខ​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ពេល​ខាង​មុខ កងកម្លាំង​ប៉ូលិស​ក្រុង​ភ្នំពេញ ក៏​បាន​បង្ហាញ​កម្លាំង​របស់​ខ្លួន​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។
កម្លាំង​ប៉ូលិស ម៉ូតូ​ប្រដេញ​រថយន្ត​ល្បាត រថយន្ត​ពន្លត់​អគ្គីភ័យ​និង​ម៉ូតូ​ល្បាត ជាដើម ត្រូវ​បាន​បង្ហាញ​និង​ត្រួត​ពិនិត្យ​សម្រាប់​ត្រៀម​ចូល​រួម​ជាមួយ​ប៉ូលិស​ ក្រសួង​មហាផ្ទៃ ប៉េអឹម ទាហាន និង​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ដើម្បី​ការពារ​សន្តិសុខ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​ការពារ​សុវត្ថិភាព​ដល់​មេ​ដឹកនាំ​កំពូលៗ។

កង​កម្លាំង​រាប់​រយ​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​តាម​សណ្ឋាគារ​ប្រណិតៗ ចំនួន ១២​ដូច​ជា ​សណ្ឋាគារ​ អ៊ី​ន​ធឺ​កុងទីណង់តាល់ សណ្ឋាគារ​ឡឺ​រ៉ូ​យា​ល់ និង​សណ្ឋាគារ​ភ្នំពេញ​ជាដើម ដែល​ជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​មេ​ដឹកនាំ​ប្រទេស​អាស៊ាន និង​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ។

ដោយឡែក​អាជ្ញាធរ​ភ្នំពេញ បាន​ធ្វើ​ការ​ព្រមាន​ដោយ​ផ្ទាល់​មាត់ នៅ​ព្រឹក​​ថ្ងៃ​ចន្ទ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ថា អាជ្ញាធរ​នឹង​រឹត​បន្តឹង​សន្តិសុខ សណ្តាប់ធ្នាប់ ដោយ​ចាត់​វិធានការ ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ដីធ្លី ដូចជា​ ក្រុម​អ្នកភូមិ​បឹងកក់​ឬ​អ្នក​បុរី​កីឡា​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ កំពូល​អាស៊ាន។  ក្នុង​នោះ​ក្រុម​ជន​អនាថា​ដូច​ជា​អ្នក​សុំទាន អ្នក​ញៀនថ្នាំ និង​នារី​រក​ស៊ី​ផ្លូវភេទ ជាដើម ក៏ត្រូវ​ប្រមូល​ចេញ​ពី​ផ្លូវ​សាធារណៈ​នានា នៅ​ភ្នំពេញ​ផង​ដែរ។ នេះ​បើ​តាម​លោក ឡុង ឌី​ម៉​ង់ អ្នក​នាំ​ពាក្យ​​សាលា​ក្រុង​ភ្នំពេញ។

តាម​អ្នក​នាំ​ពាក្យ ក្រុម​អ្នក​តវ៉ា​ដីធ្លី នៅ​មុខ​ស្ថានទូត​អាមេរិក ដែល​បាន​បន្ត​ធ្វើ​នៅ​ព្រឹកមិញ ត្រូវ​បាន​​អាជ្ញាធរ​ចាត់​ទុក​ជា​ប្រភេទ​ជន​អនាថា។ ដូច្នេះ​អាជ្ញាធរ នឹង​មាន​វិធានការ​ជា​របៀប​សង្គម​កិច្ច​ដោយ​ចាប់​បញ្ជូន​ទៅ​អប់រំ។

ដោយឡែក​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី ដល់​ប្រជាពល​រដ្ឋ​នៅ​ខេត្តសៀមរាប នៅ​ព្រឹកមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​កិច្ច​ប្រឹងប្រែង​របស់​លោក​លើ​កិច្ចការ​ប្រជុំ​អាស៊ាន។ លោក​នាយក​រដ្ឋមន្ត្រី អះអាង​ថា ក្នុង​ការ​ដឹកនាំ​ប្រជុំ​អាស៊ាន ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប្រកប​​ដោយ​មោទនភាព​ក្នុង​នាម​ជា​សមាជិក​​និង​ជា​ប្រធាន​អាស៊ាន ដែល​មាន​ការ​ទទួល​ខុសត្រូវ ក្នុង​កិច្ចការ​អាស៊ាន​អាស៊ាន​បូក​៣ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០​វិច្ឆិកា​ខាង​មុខ៕ ដោយៈ លី ម៉េងហួរ - RFI

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons