Saturday, November 10, 2012

ស្តូប​យុទ្ធជន​សង្គ្រាម​របស់​តាម៉ុក​ក្លាយ​ជា​កន្លែង​បន់​ស្រន់​យ៉ាង​ពូកែ​ស័ក្តិ​សិទិ្ធ


ស្តូប​យុទ្ធជន​សង្គ្រាម​របស់​តាម៉ុក​នៅ​ ត្រង់​រង្វង់​មូល​ស្រុក​អន្លង់​វែង​ ដែល​ប្រជា​ពល​រដ្ឋ​ជឿ​ជាក់​ថា​មាន​បារមី​កាន់។ រូបថត ហុង មិនា
ឧត្តរមានជ័យៈ នៅ​ពេល​មាន​ទុក្ខ​ភ័យ ឬ​ត្រូវ​ចេញ​ដំណើរ​ទៅ​រក​ស៊ី​នៅ​ឆ្ងាយ ឬ​ក៏​ឡើង​ភ្នំ​ដើម្បី​កាប់​ឈើ​ រក​ផលានុផល​នោះ អ្នក​ស្រុក​អន្លង់​វែង អ្នក​រស់​នៅ​ព្រំ​ប្រទល់​ខ្មែរ​ថៃ និង​រស់​នៅ​ទីរួម​ខេត្ត​តែង​នាំ​គ្នា​មក​រក​បារមី​នៅ​ស្តូប​យុទ្ធ​ជន​ សង្គ្រាម​របស់​មេដឹក​នាំ​ខ្មែរ​ក្រហម​តា​ម៉ុក​ជួយ​ ខណៈ​ដែល​ទីនោះ​គេ​ជឿ​ថា​មាន​បារមី​ស័ក្តិសិទ្ធិ​នោះ​។
តំបន់​ អន្លង់វែង ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​មូលដ្ឋាន​ដ៏​រឹងមាំ​ចុង​ក្រោយ​របស់ ក្រុម​តស៊ូ​ខ្មែរ​ក្រហម ហើយ​ទីនោះ​តាម៉ុក​ និង​ប្រជាជន​ដែល​ស្មោះស្ម័គ្រ​នឹង​ខ្មែរ​ក្រហម និង​ប្រជាជន​ដែល​ខ្មែរ​ក្រហម​កៀរ​បាន​ផង មាន​ចំនួន​ជាង​បី​ម៉ឺន​នាក់ ដោយ​បោះ​តង់​ប្លាស្ទិក ឬ​ស្បូវ​ជ្រក​ពួន​ក្នុង​ព្រៃ​ដ៏ក្រាស់​នេះ។ ពួក​គេ​បាន​បោះ​បង់​ខោអាវ​ខ្មៅ​របស់​ខ្មែរ​ចោល​តាំង​ពី​របប​នេះ​បែកបាក់ ភ្លាមៗ​។ តាម៉ុក​បាន​បញ្ជា​ឲ្យ​ប្រជាជន​សង់​ទំនប់​ទប់​បឹង​ ដែល​អាច​ស្តុក​ទឹក​លើ​ផ្ទៃ​ដី​៤៤០​ហិកតា។ បឹង​នេះ​សម្បូរ​ត្រី​ណាស់​ ដែល​អាច​ផ្គត់ផ្គង់​ដល់​ប្រជាជន​នៅ​សម័យ​នោះ​បាន។ បច្ចុប្បន្ន​ គេ​ហៅ​បឹង​នេះ​ថា «បឹង​តាម៉ុក» ដែល​បឹង​នេះ​នៅ​ពី​ក្រោយ​ផ្ទះ​គាត់​ហ្នឹង​ឯង។  ​
ទន្ទឹម​នឹង​នេះ​ តាម៉ុក​ចាប់​ផ្តើម​ពង្រឹង​តំបន់​របស់​គាត់ ដោយ​តម្រូវ​ឲ្យ​បុរស​ធ្វើ​ទាហាន លាក់​ខ្លួន​ក្នុង​ព្រៃ​ក្បែរ​សមរ​ភូមិមុខ។ ចំណែក​ស្ត្រីៗ និង កុមារ​នៅ​ផ្ទះ ​អង្គុយ​បិទ​ឫស្សី​ធ្វើ​​ចម្រូង​ដើម្បី​ប្រើប្រាស់​ប្រឆាំង​កងទ័ព​ រដ្ឋាភិបាល។
តាម៉ុក​បាន​ធ្វើ​ផ្លូវ​ឡើង​កាត់​ភ្នំ​ដង​ រែក​បុក​ចូល​ទៅ​ ប្រទេស​ថៃ ​ដើម្បី​កាប់​ឈើ​ក្នុង​តំបន់​គាត់​យក​ទៅ​លក់​ និង នាំ​យក​មក​វិញ​នូវ​របស់​របរ​ប្រើប្រាស់ ​ដោយ​ការ​ទិញ​ដូរ ឬ​ដោយ​ការ​ផ្តល់​ជំនួយ​ពី​សម្ព័ន្ធ​មិត្ត ចិន។ រឿង​មិន​នឹក​ស្មាន​ដល់​ដែល​ខ្មែរ​ក្រហម​មិន​ដែល​ខ្វាល់ខ្វាយ​ពេល​ខ្លួន​ គ្រប់គ្រង​កន្លង​មក នោះ​គឺ​តាម៉ុក​ចាប់​ផ្តើម​សាង​សង់​មន្ទីរ​ពេទ្យ និង​សាលា​រៀន។
ឥឡូវ​នេះ​អន្លង់​វែង​បាន ប្រែ​មុខ​មាត់​ថ្មី​ស្ទើរ​តែ​នឹក​ស្មាន​មិន​ដល់ សមិទ្ធ​ផល​នានា​របស់​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​នៅ​ទីនោះ​ក៏​ត្រូវ​បាន​ ចាត់​ទុក​ជាតំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ផង​ដែរ​ ។ ដោយ​ឡែក អតីត​រង្វង់​មូល​តម្កល់​ស្តូប​យុទ្ធជន​របស់ តាម៉ុក ដែល​ស្ថិត​នៅ​ចង្កេះ​ភ្នំ​ជាំ​ជិត​ព្រំ​ដែន​ថៃ​នោះ បាន​ក្លាយ​ជា​កន្លែង​បន់​ស្រន់ ដ៏​ស័ក្តិ​សិទ្ធិ​សម្រាប់​អ្នក​អន្លង់​វែង និង អ្នក​ដំណើរ​ផង​ដែរ​ដោយ​សារ​តែ​ទីនោះ​មាន​បារមី យាយ ម៉ៅ ឃុំគ្រង ដូច្នេះ​ឲ្យ​តែ​មាន​ភ័យ​អាសន្ន​ដោះស្រាយ​មិន​ចេញ ពួក​គេ​តែង​នាំ​គ្នា​បែរ​បន់​សុំ​បារមី យាយ ម៉ៅ នៅ​ទីនោះ​ឲ្យ​ជួយ ។
ដោយ ធ្វើ​ដំណើរ​ចេញទី​ពី​ប្រជុំជន​ស្រុក​អន្លង់​វែង​ឆ្ពោះ​ទៅ​ច្រក​ព្រំដែន​ សាងុំា ប្រមាណ​១៣ គីឡូម៉ែត្រ នោះ​ភ្ញៀវ​ទេសចរ​ទាំង​អស់​នឹង​បាន​ឃើញ​ផ្ទាំង​ថ្ម​ធំ​មួយ​មាន​រូប​សំណាក​ យុទ្ធ​ជន​បាក់​បែក​ជា​ច្រើន​អន្លើ ហើយ​បើ​ក្រឡេក​មក​ផ្ទៃ​ថ្ម​ខាង​ក្រោម​នោះ​នឹង​បាន​ឃើញ​មាន​ជើង​​ធូប បាយសី​យ៉ាង​ច្រើន​នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវ​ឡើង​ទៅ​ព្រំដែន ហើយ​និង​​ឃើញ​មនុស្ស​ម្នា​អ្នក​ដំណើរ​ឈប់​សំចត​ចូល​អុជ​ធូប​បួង​សួង​សុំ​ សេចក្តី​សុខ​ចម្រើន​គ្រប់ៗ​គ្នា​។
ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏​អ៊ូអរ ​ ពេល​រៀបចំ​តង្វាយ​ដាក់​ថាស រួម​មាន​ ក្បាល​ជ្រូក​ធំ​មួយ ស្រា​បៀរ ជា​ច្រើន​កំប៉ុង ព្រម​ទាំង​ផ្លែ​ឈើ​មួយ​ល្អី​នោះ អ្នក​រក​ស៊ី​ម្នាក់​ដែល​មក​ពី​ចម្ងាយ​គឺ​​លោក អាង ប៊ុនសម អាយុ​៥០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា លោក​នាំ​យក​មក​ថ្វាយលា​បំណន់​។
អ្នក​មាន​ជំនឿ​យ៉ាង​ មុត​ មាំ​រូប​នេះ បាន​បញ្ជាក់​ថា ជា​ធម្មតា​នៅ​ពេល​លោក និង​គ្រួសារ​ចេញ​រក​ស៊ី​លោក​តែង​មក​បែបន់​សូម​ឱ្យ​បារមី​យាយ ម៉ៅ នៅ​តំបន់​នេះ​តាម​ជួយ​ឃុំគ្រង​​ថែ​រក្សា​ឱ្យ​រួចចាក​ផុត​ពី​គ្រោះភ័យ​អាសន្ន និង​ឱ្យ​ជួប​តែ​ជោគ​លាភ ហើយ​តែង​សមប្រកប​តាម​បំណង​ជានិច្ច​។ លុះ​ពេល​ត្រឡប់​ពី​រក​ស៊ី​មក​ដល់​ផ្ទះ​វិញ លោក​តែង​នាំ​យក​នូវ​គ្រឿង តង្វាយ​មក​លា​បំណន់​រាល់​លើក​មិន​ដែល​ខក​ខាន​ឡើយ ហើយ​គ្រា​នេះ​លោក​យក​ក្បាល​ជ្រូក​មក​ថ្វាយ ក្រោយ​ពេល​ការ​រក​ស៊ី​បាន​ដូច​បំណង​។
ស្រប​គ្នា​នោះ អ្នក​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំង​ប្រិយ ស្រុក​អន្លង់​វែង​ វ័យ​៣០​ឆ្នាំ​ម្នាក់​គឺ​អ្នក​ស្រី ប៊ុន ឈឹង ក្រោយ​អុជ​ធូប​បួង​សួង​​ធ្វើ​មាត់​ជិប​អូច​ៗ​ចប់ អ្នក​ស្រី​បាន​និយាយ​ថា អ្នក​ស្រី​មានទី​លំនៅ​ដ្ឋាន​នៅ​ភូមិ​ជើង​ភ្នំ​នេះ​ ហើយ​ប្រជា​ពល​រដ្ឋ​នៅ​ទីនេះ មាន​ជំនឿ​លើ​បារមី​នៅ​ទីនេះ​ណាស់ ឱ្យ​តែ​កើត​មាន​ភ័យ​អាសន្ន​អ្វីមួយ​ដោះស្រាយ​មិន​ចេញ ឬ ក៏​មាន​ជម្លោះ​ចោទ​ប្រកាន់​អ្វី​នោះ​គឺ​តែង​នាំ​គ្នា​មក​បន់​ស្រន់ ឬ​ស្បថ​ស្បែ​នៅ​ទីនេះ ដើម្បី​ឱ្យ​លោក យាយ ម៉ៅ ជួយ​ឱ្យ​បាន​រួច​ចាក​ទុក្ខ និង​ជួយ​ធ្វើ​សាក្សី​កាត់​ក្តី​ឱ្យ​។ អ្នក​ស្រី​បាន​បន្ត​ថា នៅ​ទី​នេះ ស័ក្តិ​សិទ្ធិ និង​ទាន់​ហន់​បំផុត បើ​ហ៊ាន​តែ​ស្បថ​បំពាន​ប្រាកដ​ជា​ឃើញ​ភ្លាម កម្រ​មាន​នរណា​មួយ ចេញ​រួច​ណាស់ ចេញ​ស្ទើរ​មិន​ទាន់​ទេច្បាស់​ជា​មាន​គ្រោះ​ថ្នាក់​ជាយ​ថាហេតុ មាន​ដូច​ជា គ្រោះ ថ្នាក់​ចរាចរណ៍​ជា​ដើម ។
ដោយ​ឡែក​អ្នក​ដែល​ប្រកប​របរ​ដឹក​ផ្លែ​ ឈើ ស្ទើរ​រាល់​ថ្ងៃ​ឆ្លង​កាត់​ទីនេះ ​ដើម្បី​នាំ​ចេញ​ផ្លែ​ឈើ​នានា​ទៅ​ប្រទេស​ថៃ គឺ លោក សាន ឧត្តម និង​ភរិយា បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ត្រូវ​ឈប់​នៅ​ទីនេះ​រាល់​លើក​ដើម្បី​ដាក់​តង្វាយ​ផ្លែ​ឈើ​ជូន​លោក​យាយ​ ម៉ៅ​ដែល​ជា​និច្ចកាល​លោក​យាយ​តែ​ជួយ​មើល​ថែ​កូន​ចៅ។  អ្នក​ប្រកប​របរ​ដឹក និង​លក់​ផ្លែ​ឈើ​នៅ​ច្រក​ជាំ​សាងុំា​រូប​នេះ បាន​បន្ត​ថា យើង​គោរព​អស់​ពី​ចិត្ត​ដើម្បី​រក​ស៊ី​មាន​បាន និង​សុំ​សេចក្តី​សុខ​ចម្រើន​ ហើយ​​ជា​លទ្ធ​ផល​ពួក​យើង​អស់​មិន​ដែល​មាន​បញ្ហា​អ្វី​ឡើយ​។ ពួក​ខ្ញុំ​ជឿ​បារមី​លោក​យាយ​ម៉ៅ​ខ្លាំង​ណាស់៕ សេត គឹមសឿន (ភ្នំពេញប៉ុស្តិ៍)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons