Thursday, November 15, 2012

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ពី​វត្តមាន​របស់​លោក​អូបាម៉ា​ក្នុង​កិច្ចប្រជុំ​អាស៊ាន


អក្សរ SOS រួមជាមួយ​នឹង​រូបថត​លោក​អូបាម៉ា ត្រូវ​បាន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​សរសេរ​នៅលើ​ដំបូលផ្ទះ​ក្បែរ​ព្រលាន​យន្តហោះ​ភ្នំពេញ។ RFI/Channa Sivលោកនាយក ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃពុធនេះថា លោក​ប្រធានាធិបតី​អូបាម៉ា នឹង​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុង​ តំណែង ទី​១ ដែល​នឹង​ធ្វើដំណើរ មកកាន់​ប្រទេស​​កម្ពុជា​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នឹង​ត្រូវ​ធ្វើ​ជា​សហប្រធាន អង្គុយកៀក ស្មា​ ជាមួយលោកអូបាម៉ា​ ក្នុង​កិច្ចប្រជុំ​កំពូល លើក​ទី​៤ រវាង​អាស៊ាន និង​អាមេរិក​ នៅថ្ងៃ​ទី១៩វិច្ឆិកាខាងមុខ។
ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្រាប់​កិច្ចប្រជុំ​អាស៊ាន នៅចុងសប្តាហ៍នេះ ​ជា​លើកដំបូង​ហើយ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក មក​កាន់​​ប្រទេស​កម្ពុជា។ ពីមុន មានតែ​ប្រពន្ធ​របស់​អតីត​ប្រធានាធិបតី​អាមេរិក ច​ន ឃេ​ណឺ​ឌី និង អតីត​ប្រធានាធិបតី​អាមេរិក ប៊ៀល​គ្លី​ន​តុ​ន បានមកកាន់កម្ពុជា​។ តែពេលនេះ គឺ​ប្រធានាធិបតី ក្នុង​តំណែង លោក បារ៉ាក់ អូ​បា​ម៉ា នឹងមកកម្ពុជា ចូលរួម​ប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន​-​អាមេរិក លើក​ទី​៤​។

លោក​អូ​បា​ម៉ា បានជួបប្រជុំ​ជាមួយមេដឹកនាំអាស៊ាន ៤ លើកមកហើយ ចាប់ពីឆ្នាំ២០០៩។ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កិច្ច​ប្រជុំ​​រវាង​អាស៊ាន និង​អាមេរិក គឺ​មាន​សហប្រធាន​ ដែលលើកនេះ ​កម្ពុជា​ជាមួយ​អាមេរិក​ធ្វើ​សហប្រធាន​អង្គប្រជុំ​។

យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជាក់ថា លោកនឹង​ទទួល​ជួប​ពិភាក្សា​ទ្វេភាគី ជាមួយនឹង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ឬ​មិន​ជួប​ទេ ហើយមាន​ប្រធាន​បទអ្វីខ្លះ ដែលនឹងត្រូវលើកឡើង នៅក្នុង​ពេល​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ដឹកនាំ​គណៈប្រតិភូ មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា នៅ​ទីក្រុង​​ភ្នំពេញ នា​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch របស់​សហរដ្ឋអាមេរិក ក៏​បាន​ជំរុញ​ឲ្យ​លោក អូ​បា​ម៉ា ត្រូវតែ​លើកឡើង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស នៅ​កម្ពុជា ជាមួយនឹង​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក មក​កាន់​កម្ពុជា ពេលនេះ​។​

អង្គការ​សិទ្ធិមនុស្ស​នេះ ក៏បាន​ផ្សព្វផ្សាយ​របាយការណ៍ អំពី​ការសំលាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ នៅ​កម្ពុជា ក្នុង​រយៈពេល ២ ទសវត្សរ៍ ក្រោម​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ការសម្លាប់​មនុស្ស ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ជាង ៣០០ នាក់​។ ក្នុង​ករណី​ឃាតកម្ម​ទាំងនោះ ត្រូវបាន Human Rights Watch លើកឡើងថា មិន​មាន​ការចាប់ខ្លួន​ជនល្មើស យក​មក​ផ្តន្ទាទោស​ឡើយ​។​ តែលោកខៀវ កាញារីទ្ធ បានច្រានចោល។

ពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ាន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ដល់ថ្ងៃទី២០វិច្ឆិកា ក៏មានសង្គម​ស៊ីវិល​មកពីប្រទេសអាស៊ាន បានជួបប្រជុំជាច្រើនក្រុម ដើម្បីលើកឡើងពីបញ្ហានានា ដូចជា បញ្ហាដីធ្លី និងការរំលោភសិទ្ធិមនុស្ស ជាដើម ក្នុងបំណងដាក់ញត្តិ ទៅកាន់មេដឹកនាំអាស៊ាន។ ប៉ុន្តែ​កិច្ចប្រជុំទាំងនោះ ត្រូវបានគេអះអាងថា ត្រូវបានរំខាន និងរារាំង ដោយអាជ្ញាធរកម្ពុជា។

រីឯសហគមន៍ប្រជាពលរដ្ឋមានជម្លោះដីធ្លី ក៏បានស្វែងរក​អន្តរាគមន៍​​ឲ្យលោក​អូបាម៉ា​ជួយ ដោយនៅរសៀលថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅជាប់ព្រលានយន្តហោះ បានបាញ់ថ្នាំ សរសេរ​អក្សរ SOS និងបិទរូបថត លោកអូបាម៉ា លើដំបូលផ្ទះសង្កសី។ ផ្ទះរបស់ប្រជាពលរដ្ឋជាង ១៨០ គ្រួសារ​នោះ កំពុងប្រឈម​នឹង​ការរុះរើ៕ ដោយៈ លី ម៉េងហួរ - RFI

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons