Tuesday, November 13, 2012

រដូវត្រីប៉ាស៊ីអ៊ី បានមកដល់ហើយ ប៉ុន្តែមួយគីឡូក្រាម តម្លៃម្ភៃទៅសាមសិបដុល្លារ រដូវត្រីប៉ាស៊ីអ៊ី បានមកដល់ហើយ ប៉ុន្តែមួយគីឡូក្រាម តម្លៃម្ភៃទៅសាមសិបដុល្លារ


Written by ភ្នំពេញដេលីញូវ   
Tuesday, 13 November 2012 00:52
នៅចុងខែតុលា និង ខែវិច្ឆិកានេះ អ្នកនេសាទ នៅខេត្តស្ទឹងត្រែងចាប់ ផ្តើមសើមមាត់ទៀត ហើយ ដោយសារតែ គេអាចនេសាទត្រីដ៏មានតម្លៃ នេះលក់បានប្រាក់យ៉ាងច្រើន ។ ត្រីប៉ាសិអ៊ីនេះជាប្រភេទ ត្រីដ៏ក ម្រដែលត្រូវបានប្រជាពលរដ្ឋចាត់ទុកថាជាត្រីដែល សាច់របស់វាមានរសជាតិឆ្ងាញ់ជាងប្រភេទត្រីដទៃទៀត ។ តម្លៃ របស់វាក៏ថ្លៃខ្ពស់ជាងប្រភេទត្រីដទៃទៀតពីម្ភៃដង ទៅសាមសិប ដង អ្នកមានប្រាក់ច្រើនទើបមានលទ្ធភាពទិញ វាមកធ្វើម្ហូបទទួលទាន ។ ជាប្រភេទត្រីមានតែនៅក្នុងទឹកទន្លេមេគង្គ ទន្លេសេសាន និង ទន្លេស្រែពក ក្នុងទឹកដីខេត្តស្ទឹងត្រែងប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញបាននិយាយថា នៅប៉ែកខាងទឹកដីប្រទេស លាវក៏មានប្រភេទ ប៉ាសិអ៊ីនេះដែរ តែមិនមាន   រសជាតិដូចត្រីប៉ាសិអ៊ីនៅខាងខេត្តស្ទឹងត្រែងទេ ដូច្នេះជនជាតិលាវមិនឱ្យតម្លៃត្រី ប្រភេទនេះទេ ។


      ឱ្យតែចូលដល់ខែតុលា និង ខែវិច្ឆិកានេះ ប្រជាពលរដ្ឋនៅតាមដងទន្លេ សេសាន និង ទន្លេស្រែពក ពួកគាត់ តែងនាំគ្នាចុះទន្លេដើម្បីនេសាទត្រី ប៉ាសិអ៊ីនេះ ដោយសារតែតម្លៃរបស់វាខ្ពស់ ។

      លោក ផន សម្បត្តិ ជាអាជីវករលក់ដូរម្នាក់នៅក្នុងទីរួមខេត្តស្ទឹងត្រែងបាន មានប្រសាសន៍តាមទូរស័ព្ទមកថា “ឱ្យតែរដូវត្រីប៉ាសិអ៊ីចូលមកដល់ប្រជាពលរដ្ឋ នៅតាមដងទន្លេនេះបាននាំគ្នាចុះនេសាទត្រីប៉ាសិអ៊ី ។ បច្ចុប្បន្ននេះ បើតាមអ្វី ដែលប្រជានេសាទបានប្រាប់ខ្ញុំពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលនៃការនេសាទត្រី ប៉ាសិអ៊ីមានការថយចុះជាលំដាប់ នៅក្នុងឆ្នាំនេះមានការខ្សត់ខ្សោយជាង កាលពីឆ្នាំកន្លងទៅ ។ ដោយសារតែវាជាប្រភេទត្រីដ៏កម្រ បរិមាណរបស់ វាបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ហើយវាជាប្រភេទត្រីដែលមានរសជាតិ ឆ្ងាញ់ជាងប្រភេទត្រីដទៃទៀត ដូច្នេះធ្វើឱ្យតម្លៃរបស់វាខ្ពស់ជាងប្រភេទត្រី ផ្សេងៗទៀត ។ បច្ចុប្បន្ននេះតម្លៃរបស់វាមួយគីឡូក្រាមគឺថ្លៃពីប្រាំបួនម៉ឺនរៀល ទៅដប់ពីរម៉ឺនរៀល អ្នកក្រមិនហ៊ានទិញយកមកធ្វើ ម្ហូបហូបទេ ។ ខ្ញុំមិនហ៊ាន ទិញម្តងមួយគីឡូក្រាមយកមកហូបនោះទេ នៅពេលដល់រដូវត្រីប៉ាសិអ៊ីនេះចូល មកដល់ បើចង់ហូបសាច់ត្រី ប៉ាសិអ៊ីខ្ញុំទិញមួយកង់ ឬ ពីរកង់ប៉ុណ្ណោះ ដើម្បីយក មកស្ងោរជ្រក់ ឬ ក៏អាំងជ្រលក់ជាមួយទឹកត្រីផ្អែម ។ ក្នុងមួយឆ្នាំខ្ញុំហ៊ានទិញ យកមក ហូបតែម្តង ឬ ក៏ពីរដងប៉ុណ្ណោះ ព្រោះតម្លៃរបស់វា ថ្លៃពេក ។ រដូវត្រីប៉ាសិអ៊ី នេះចូលមកដល់ បងប្អូនរបស់ខ្ញុំនៅក្នុងទីក្រុងភ្នំពេញតែងផ្ញើប្រាក់មកឱ្យខ្ញុំ ទិញត្រីប៉ាសិអ៊ីផ្ញើឱ្យគាត់ជារៀងរាល់ឆ្នាំ ឬ រាល់រដូវ ចំណែករូបខ្ញុំមិនសូវ ហ៊ានទិញហូបទេ” ។

      ក្នុងមួយឆ្នាំត្រីប៉ាសិអ៊ីដល់រដូវពីរដង ហើយទីកន្លែងដែលគេនេសាទត្រី នេះបាននៅទន្លេសេកុង សេសាន ទន្លេស្រែពក និង ទន្លេមេគង្គ ប៉ុន្តែ ជាមួយគ្នានេះក៏មានការព្រួយបារម្ភផងដែរអំពីការប្រឈមនៃការបាត់បង់នូវ ប្រភេទពូជត្រីដ៏កម្រមួយនេះ ដោយសារតែគម្រោងទំនប់វារីអគ្គិសនីដែល រដ្ឋាភិបាលគ្រោងសាងសង់នៅតាមទន្លេសេសានក្រោមពីរ ក្នុងទឹកដី ខេត្ត ស្ទឹងត្រែងនោះ តែអ្នកជំនាញបាននិយាយថា គេគួរតែគិតអំពីផលប្រយោជន៍ មួយណាសំខាន់ជាង ?

      ឯកឧត្តមបណ្ឌិត ទូច ស៊ាងតាណា ប្រធានគណៈកម្មការអភិវឌ្ឍតំបន់ ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ និង ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ដែលជាអ្នកស្រាវជ្រាវខាងផ្នែកវិស័យជលផលដ៏ ល្បីឈ្មោះម្នាក់ដែរនោះ បានមាន ប្រសាសន៍អំពីការស្រាវជ្រាវត្រីប៉ាសិអ៊ី នេះថា “ត្រីប៉ាសិអ៊ីនេះមានដើមកំណើតនៅក្នុងទឹកដីខេត្តស្ទឹងត្រែងនេះតែម្តង ដែលវាមាននៅក្នុងតំបន់ទន្លេសេកុង ទន្លេសេសាន និង ទន្លេស្រែពកនេះ រាប់រយឆ្នាំមកហើយ ។ វាមិនមែនមានប្រភពមកពីប្រទេសលាវនោះទេ ប៉ុន្តែ នៅខាងប្រទេស លាវក៏មានប្រភេទត្រីប៉ាសិអ៊ីនេះដែរ តែត្រីប៉ាសិអ៊ីនៅខាង លាវមិនឆ្ងាញ់ដូចជាត្រីប៉ាសិអ៊ីនៅខាងស្ទឹងត្រែងនោះទេ ដោយសារតែវាមិន ឆ្ងាញ់ ដូច្នេះខាងលាវមិនឱ្យតម្លៃត្រីប៉ាសិអ៊ីនេះទេ ។ ត្រីប៉ាសិអ៊ីនៅស្ទឹងត្រែង មានរសជាតិឆ្ងាញ់ណាស់ ដែលសាច់របស់វា មានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសខ្លាញ់ពោះរបស់វាឡើងលឿងផ្អែមឆ្ងាញ់ណាស់ ។ គេចាប់ផ្តើមនេសាទ ត្រីប៉ាសិអ៊ីនេះចាប់ពីខែធ្នូដល់មករា ប៉ុន្តែឥឡូវនេះត្រីប្រភេទនេះកាន់តែខ្សោយ ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយផុតពីខែហ្នឹងទៅគឺនៅខែមីនា មេសា និង ឧសភា ត្រីប៉ាសិអ៊ីទាំងអស់នោះវាបានឡើងទៅដល់តំបន់ល្បាក់ខោន ហើយ វាបានឡើងតាមទន្លេសេកុងទៅដល់ខេត្តសេកុង ប្រទេសលាវ នេះសម្រាប់ ប្រភេទត្រីប៉ាសិអ៊ីមួយមានទម្ងន់មួយរយក្រាម ឬ ពីររយក្រាម ហើយបន្ទាប់ មកសម្រាប់ពពួកត្រីប៉ាសិអ៊ីដែលកើតថ្មីៗវានៅតូចៗ ដែលមានទម្ងន់ប្រហែលម្ភៃក្រាម ឬ សាមសិបក្រាម ដែលវាចាប់ផ្តើមញ្ញាស់នៅក្នុងខែកុម្ភៈ វាបានធំធាត់ឡើងហើយវាសំងំនៅក្នុងថ្មរហូតដល់ខែមីនា មេសា និង ឧសភា ទើបវាចុះមកជាមួយត្រីប៉ាសិអ៊ីធំៗ ដែលចុះមកពីល្បាក់ខោនមកវិញ ចុះពីខាង ទន្លេមេគង្គមកវិញ ដែលវារួចផុតពីគេចាប់ តែមេធំៗមួយចំនួនវាមិនបានចុះ មកទេ គឺវាបានចូលទៅទន្លេស្រែពកតែម្តង ។ ចំពោះត្រីប៉ាសិអ៊ីដែលវាចុះ មកពីល្បាក់ខោន គឺវាបានចុះទៅដល់ព្រំប្រទល់ខេត្តក្រចេះឯណោះ ហើយត្រី ប៉ាសិអ៊ីជំទង់នោះវាឡើងទម្ងន់ដល់កន្លះគីឡូក្រាម ចំណែកត្រីប៉ាសិអ៊ីតូចៗ វាបានចុះទៅដល់ខាងក្រោមតំបន់សៀមបូក ដែលគេអាចចាប់វាបាននៅ ក្នុងខែឧសភា ចូលដល់ខែមិថុនាវាបានផ្លាស់ប្តូរទីកន្លែងឡើងទៅ សេសាន ឬ ស្រែពកវិញ ដែលវាបានធំធាត់នៅកន្លែងនោះ ហើយត្រីដែលកកូនគឺវា កកូនហើយវាបានកើតកូននៅក្នុងខែសីហានៅតាមដៃអូរដែលហូរទឹកធ្លាក់មកចូលទន្លេ ស្រែពក ឬ សេសាននេះ ។

ក៏អាស្រ័យទៅតាមទឹកភ្លៀង កាលណាបើមានភ្លៀងធំគឺវាអាចឡើងទៅពងបានដែលវាពងនៅក្នុងទឹកអូរ បន្ទាប់ មកពងនោះក៏បានញ្ញាស់ ហើយវាធ្លាក់មកក្រោមទៅតាមទឹកអូរនោះ ហើយវាក៏សំងំនៅក្នុងថ្ម រកចំណីស៊ីក្នុងថ្ម និង បាតអូរ ពីព្រោះទីកន្លែង ទាំងអស់នោះកាលពីដើមជាតំបន់ជីវចម្រុះ និង ជាតំបន់ព្រៃធំណាស់ ដែល វាបានបង្កើតនូវចំណីពិសេសមួយ ដែលយើងរកមិនទាន់ឃើញ ដែលវាធ្វើ ឱ្យត្រីប៉ាសិអ៊ីនៅក្នុងខេត្តស្ទឹងត្រែងរបស់យើងនេះមានខ្លាញ់ក្នុងពោះវា ពណ៌លឿង ដែលវាខុសពីត្រីប៉ាសិអ៊ីដែលគេចាប់បាននៅក្នុងទឹកដីលាវដែល មិនមានខ្លាញ់លឿងដូច្នេះទេ ។ បានសេចក្តីថា ព្រៃនៅក្នុងតំបន់ខាងលើ នោះភាគច្រើនវាបានហូរចុះមកបង្កើតបាននូវចំណីពិសេសមួយដែលធ្វើឱ្យ ត្រីប៉ាសិអ៊ីនៅក្នុងទឹកដីខេត្ត ស្ទឹងត្រែងយើងនេះមានរសជាតិឆ្ងាញ់ខុសពីត្រី ធម្មតា ហើយវាខុសពីត្រីប៉ាសិអ៊ីនៅខាងប្រទេសលាវ ហើយត្រីប៉ាសិអ៊ីធំៗ ដែលគេចាប់បាននៅក្នុងខែធ្នូក្នុងទន្លេស្រែពក និង សេសាននេះ ខ្លាញ់ របស់វាពេញពោះហើយពណ៌លឿង ហើយ កន្លែងដែលឆ្ងាញ់ជាងគេ គឺខ្លាញ់ ពោះរបស់វានេះតែម្តង ។

      កន្លងមកត្រីប៉ាសិអ៊ីដែលគេចាប់បានមិនលើសពីបីគីឡូក្រាមនោះទេ ហើយមូលហេតុអ្វីបានជាត្រីប៉ាសិអ៊ីមាន តែនៅក្នុងទឹកដីស្ទឹងត្រែង ដោយ សារតែនៅតាមទន្លេក្នុងខេត្តស្ទឹងត្រែងសម្បូរទៅដោយថ្ម ព្រោះប្រភេទ ត្រីប៉ាសិអ៊ីនេះមាត់របស់វា នៅផ្នែកខាងក្រោមដែលវាខុសប្លែកពីប្រភេទត្រីដទៃទៀត ទាល់តែតំបន់ទឹកណាមានថ្មច្រើនទើបវាអាចរស់នៅបាន នៅពេល វាធំពេញវ័យខ្លាញ់របស់វាពេញពោះ នៅតាមស្រការបស់វាឡើងក្រហមតែ ម្តង ។ ត្រីប៉ាសិអ៊ីនេះវាបានចាប់ផ្តើមល្បី ឈ្មោះតាំងពីកំលុងទសវត្សរ៍ឆ្នាំ ១៩៦០ មកម៉្លេះ ដោយកាលណោះនៅថ្ងៃមួយព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះអង្គបានយាងទៅ ព្រះរាជដំណាក់ព្រះអង្គនៅក្នុងខេត្តស្ទឹងត្រែង ហើយពេលនោះនាម៉ឺនមន្ត្រីនៅជំនាន់នោះបានយកត្រីប៉ាសិអ៊ី ធ្វើក្រយាថ្វាយព្រះអង្គសោយ ហើយព្រះអង្គបានមានព្រះបន្ទូលថា ត្រីនេះឆ្ងាញ់ណាស់ ហើយព្រះអង្គក៏សួរទៅនាម៉ឺនមន្ត្រីថា ត្រីអ្វីក៏ឆ្ងាញ់ម៉្លេះ ? នាម៉ឺនមន្ត្រីទាំង នោះក៏ឆ្លើយថា ជាត្រីប៉ាសិអ៊ីព្រះអង្គ ។ ដូច្នេះត្រីប៉ាសិអ៊ីនេះក៏ចាប់ផ្តើ់មល្បី ល្បាញខ្លាំងតាំងពីពេលនោះរហូតមក” ។

      ត្រីប៉ាសិអ៊ីនេះគេអាចយកទៅធ្វើម្ហូបអ្វីក៏បានទៅតាមចំណង់ចំណូល ចិត្តរបស់មនុស្សម្នាក់ៗ ប៉ុន្តែសម្រាប់ ម្ហូបដែលឆ្ងាញ់នោះ គេច្រើនតែយក វាទៅស្ងោរជ្រក់ អាំងជ្រលក់ជាមួយទឹកត្រីផ្អែម និង ភ្លា ជាដើម តែមានអ្នក ខ្លះគេយកទៅវះងៀតទៅតាមចំណូលចិត្តរបស់ពួកគេ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons