Saturday, November 10, 2012

ប្រជារាស្ត្រ​​មក​​ពី​ខេត្ត​​នានា អង្គុយ​​ហាល​​ថ្ងៃ កាន់​​ព្រះរាជ​​មរណ​​ទុក្ខ


ថ្ងៃទី​ 10 ខែវិច្ឆិកា ឆ្នាំ2012, ម៉ោង 05:24 AM អាន ប៊ុនរ័ត្ននៈ
2


ទោះ​បី​ជា​ពិធី​កាន់​ព្រះ​រាជ​មរណ​ទុក្ខ​ចំពោះ​ព្រះ​បរម​សព ព្រះករុណា ព្រះ​មហាវីរ​ក្សត្រ ត្រូវ​កំណត់​ត្រឹម​ថ្ងៃទី​២៣ តុលា​ ២០១២ ក៏​ប្រជា​រាស្ត្រ​មក​ពី​បណ្តា​ខេត្ត​នានា ទូ​ទាំង​ប្រទេស រួម​ទាំង​ព្រះសង្ឃ​ផង បាន​និមន្ត និង​អញ្ជើញ​មក​កាន់​ព្រះរាជ​មរណ​ទុក្ខ ដោយ​អង្គុយ​ហាល​ថ្ងៃ ហាល​ភ្លៀង​មុខ​ព្រះបរមរាជ​វាំង ជា​​បន្ត​​បន្ទាប់ ដោយ​អាឡោះ​អាល័យ​មិន​ចង់​វិល​ទៅ​ស្រុក​វិញ...
បើគិតចាប់តាំងពីថ្ងៃ ដែលព្រះ​មហា​វីរ​ក្សត្រ យាងចូលទិវង្គត រហូតមក​ទល់​ពេលនេះ សួនឧទ្យាននា មុខ​ព្រះបរមរាជវាំង ចតុម្មុខភ្នំពេញ ពេញ​ព្រៀបដោយ មនុស្ស​មក​ពីគ្រប់មជ្ឈដ្ឋាន។ គ្រាន់តែបានដឹងថា ព្រះ- អង្គសោយទិវង្គត នាថ្ងៃទី១៥ តុលា ២០១២ ស្រប នឹងថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនោះ ក៏មានប្រជារាស្ត្រនាំគ្នាមកអុជ​ធូ​ប​មុខព្រះបរមរាជវាំង ខ្លះៗទៅ ហើយ លុះដល់ថ្ងៃទី១៧ តុលា ដែលជាថ្ងៃដង្ហែព្រះបរមសព ពីប្រទេសចិន មកតម្កល់ទុកនៅក្នុងព្រះរមរាជវាំង ចំនួនប្រជាពលរដ្ឋបានកើន​ប្រមាណ ១លាននាក់ បានមកចាំថ្វាយបង្គំព្រះបរមសព នៅ តាមសងខាងដងវិថី ជាមួយនឹងសំណោកអាឡោះអាល័យ ក្តុកក្តួលរំជួលចិត្តគ្រប់គ្នា។
រាជរដ្ឋាភិបាល បានកំណត់ថ្ងៃកាន់ព្រះរាជមរណទុក្ខ ចំពោះព្រះបរមសព ដោយគិតចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ តុលា ២០១២ ដោយបើកឱកាសឱ្យ ប្រជារាស្ត្រគ្រប់​មជ្ឈដ្ឋាន ជារួមមាន ព្រះសង្ឃ តាជី យាយជី ឧបាសក ឧបាសិកា មន្ត្រីរាជការ និយោជក និយោជិត កម្មករ កសិករ សិស្ស និស្សិត និមន្ត និង អញ្ជើញមកអុជធូបថ្វាយបង្គំ​ព្រះវិញ្ញាណក្ខន្ធ​។ ប៉ុន្តែ នៅពេលបញ្ចប់ ក៏នៅតែមានប្រជារាស្ត្រមកពីបណ្តាខេត្តនានា ទូទាំងប្រទេស បានមកជាបន្តបន្ទាប់ ដើម្បីធ្វើពិធីបង្សុកូល និងអង្គុយហាលថ្ងៃ ហាល​ភ្លៀង ធ្វើសមាធិកាន់ព្រះរាជមរណទុក្ខ ដែលស្តែងឱ្យឃើញថា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ ព្រោះមិនថាតែប្រជារាស្ត្រ ជាកូនចៅនោះទេ ដែលស្រលាញ់ព្រះអង្គ សូម្បីតែជនបរទេស និងបណ្តាប្រទេសជាមិត្ត ក៏បានមកចូលរួមក្រាបបង្គំគាល់ព្រះបរមសព និងផ្ញើសាររំលែក ព្រះរាជមរណទុក្ខ​ជា​បន្តបន្ទាប់។
លោកហ៊ន វ៉ន អាយុ៤២ឆ្នាំ, អ្នកស្រីប៊ុន ធិន អាយុ៤៨ឆ្នាំ, អ្នកស្រីបាន លី អាយុ៤៧ឆ្នាំ, អ្នកស្រី កង ដើង អាយុ៤៦ឆ្នាំ, អ្នកស្រីជក់ យ៉េង អាយុ៥២ ឆ្នាំ និងលោកយាយហ៊ន ឡី អាយុ៦៥​ឆ្នាំ មកពី ភូមិ-ឃុំ ផ្សេងគ្នាក្នុងស្រុកសំរោង ខេត្តតាកែវ បាន ឱ្យដឹងស្របគ្នាថា ពួកគាត់បានចេញដំណើរតាមរថយន្ត ឈ្នួល ពីស្រុកកំណើត មកអុជធូបថ្វាយ​បង្គំ​ព្រះបរមសព ព្រោះនឹកឃើញមិនភ្លេចដល់ព្រះមហាករុណា ទិគុណរបស់ព្រះអង្គ កាលពីអតីតកាល។ នាសម័យ សង្គមរាស្ត្រនិយម ព្រះអង្គបានជួយកសាង​សាលា​រៀន មន្ទីរពេទ្យ ទំនប់ទឹក អណ្តូងទឹក៘ ព្រមទាំងជួយឧបត្ថម្ភដល់ជនក្រីក្រកំព្រាអនាថា ឱ្យមានការរស់- នៅថ្លៃថ្នូរ។ ថ្ងៃដង្ហែព្រះបរមសព មកនោះ ពួកគាត់ មិនបានមក​ចូល​រួមទេ ព្រោះស្រុកនៅឆ្ងាយ លុះដល់ថ្ងៃ កាន់ព្រះរាជមរណទុក្ខ ១សប្តាហ៍នោះ ក៏មិនបានមក តែបានមើលទូរទស្សន៍ សម្រក់ទឹកភ្នែកសោកស្តាយ ព្រះអង្គគ្រប់គ្នា។
ពួកគាត់បន្តថា ការដែលមិនបានមកក្រាបបង្គំ គាល់ព្រះបរមសពបែបនេះ ធ្វើឱ្យពួកគាត់អន្ទះសាខ្លាំងណាស់ លុះដល់ថ្ងៃបញ្ចប់ពិធីកាន់ទុក្ខ ក៏បបួលគ្នា ជួលឡាន ជិះជា​ក្រុម​មករាជធានីភ្នំពេញ ដោយខ្លះសុំវត្តលោកស្នាក់អាស្រ័យ ខ្លះទៀតក៏សម្រាកនៅផ្ទះ បងប្អូន ខ្លះទៀតក៏សម្រាកក្រោមដើមឈើក្បែរ កំពែងវាំងតែម្តង។
ពួកគាត់បញ្ជាក់ថា ពេលមិនបាន មក ដូចជាមានវត្ថុអ្វីមកចាក់ដោតពេញខ្លួន ពិបាកទ្រាំណាស់ លុះបានមកអុជធូបថ្វាយផ្កា ចំពោះព្រះបរមឆាយាលក្ខណ៍ ការចាក់ដោត​ទាំង​នោះ ក៏បាត់ទៅ។ ពួកគាត់ចង់ចូលទៅថ្វាយបង្គំផ្ទាល់ដល់ព្រះបរមសព ដែលតម្កល់ក្នុងប្រាសាទតែម្តង ប៉ុន្តែ បើមិនបានចូល ក៏ត្រឹមថ្វាយបង្គំពីចម្ងាយ នាមុខ​ព្រះបរម​រាជ​វាំង ក៏ពួកគាត់អស់ចិត្តដែរ។ កន្លងមក ពួកគាត់មិនបាន ដឹងច្បាស់ពីព្រះរាជបូជនីយកិច្ច របស់ព្រះអង្គ កាលទាមទារឯករាជ្យពីបារាំង ក៏ដូចជាព្រះរាជបេសកកម្ម ផ្សេងៗ​ក្នុង​ការកសាង និងការពារមាតុភូមិនោះឡើយ ប៉ុន្តែ នៅពេលមានការចាក់ផ្សាយតាមទូរទស្សន៍ និង បញ្ចាំងស្លាយ (Slide) នៅមុខព្រះបរមរាជវាំង ធ្វើឱ្យ ពួកគាត់បាន​ឃើញ​​យ៉ាងច្បាស់។ គួបផ្សំនឹងការបាន ដឹងពីមុនមកខ្លះផងនោះ ទើបពួកគាត់យល់ថា ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ពិតជាមាន ព្រះកិត្តិនាម ប្រហែល​ព្រះបាទ​ជយវរ្ម័នទី៧ នាសម័យ- អង្គរដ៏រុងរឿង។ ពួកគាត់មិនចង់វិលទៅស្រុកវិញ ភ្លាមៗទេ ព្រោះអាឡោះអាល័យមិនចង់ឃ្លាតពីព្រះ បរមសព និងតាំងចិត្តថា ដល់ថ្ងៃ​ថ្វាយ​ព្រះភ្លើង នឹងវិលមកឱ្យបានឃើញផ្ទាល់ភ្នែកម្តងទៀត។
លោកយាយលឹម រ៉ាន់ អាយុ៥៩ឆ្នាំ និងលោកយាយសន លី អាយុ៧០ឆ្នាំ រស់នៅខេត្តរតនគិរី បាន ឱ្យដឹងស្របគ្នាថា ពួកគាត់មកដល់រាជធានីភ្នំពេញ តាំងពីថ្ងៃទី២៩ តុលា ម៉្លេះ ប៉ុន្តែ ពួកគាត់មិនទាន់វិលទៅស្រុកវិញទេ ព្រោះមិនទាន់ដាច់អាល័យពីព្រះវរ-រាជបិតា។ ព្រះអង្គមានព្រះគុណធ្ងន់ណាស់ចំពោះ ពួកគាត់ ក៏ដូចជាបណ្តារាស្ត្រ​គ្រប់​មជ្ឈដ្ឋាន​ដែលរស់ នៅខេត្តរតនគិរី ដោយបានដឹកនាំប្រទេសជាតិឱ្យ មានការរីកចម្រើន ហើយបើកុំតែពួកចិត្តមារធ្វើបាបព្រះអង្គ កុំអីស្រុកទេសយើង មិនដឹងជាសម្បូរ សប្បាយ​យ៉ាងណាទេ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋមកពីបណ្តាខេត្ត នានា បានចំណាយប្រាក់ខ្លួនឯងធ្វើសោហ៊ុយ ខ្លះអត់ លុយក៏ខ្ចីគេដែរ លៃយ៉ាងណាឱ្យតែបានមកដល់មុខ ព្រះបរមរាជវាំង។ ពួកគាត់នាំគ្នាអង្គុយហាលថ្ងៃ ហាលភ្លៀង ធ្វើសមាធិ សូត្រធម៌ឧទ្ទិសបួងសួងសុំឱ្យ ព្រះវិញ្ញាណក្ខន្ធព្រះអង្គបានស្គាល់ព្រះបរមសុគតិភព ខ្លះទៀតក៏បួងសួង​សុំឱ្យ​ព្រះវិញ្ញាណ​ក្ខន្ធ​ ព្រះអង្គបានមកចាប់បដិសន្ធិក្នុងព្រះរាជវង្សខ្មែរ ដើម្បីបន្តឡើង សោយសិរីរាជ្យសម្បត្តិ ពង្រឹងរបបរាជានិយមឱ្យ នៅគង់វង្សជានិរន្តរ៍៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons