Friday, November 2, 2012

ព្រះរាជអាជ្ញាររងម្នាក់ ត្រូវបានដកដំណែង


www.tcnewscambodia.com  Nov-02-2012
ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បានបង្ហើបឲ្យដឹងថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់ ដែល ពាក់ព័ន្ធ បទល្មើសពុករលួយកន្លងពេលកន្លងមកនោះ ត្រូវបានក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដកតំណែង និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ។


                           
ទេសរដ្ឋមន្រ្តី លោក ឱម យ៉ិនទៀង និងជាប្រធានអង្គការភាព ប្រឆាំងអំពើពុករលួយ មានប្រសាសន៍ប្រាប់ក្រុម អ្នកកាសែត នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីបើកកិច្ចប្រជុំមួយថា ក្រោយពីបានចំណាយ ពេលធ្វើការ ស៊ើបអង្កេត នូវសំណុំរឿងពុករលួយ របស់ព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់ ពេលនេះ ព្រះរាជអាជ្ញារងនោះ ត្រូវក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដកតំណែង និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ចាត់ការទៅតាមផ្លូវ ច្បាប់។
លោកបន្តទៀតថា «អញ្ចឹង នៅខេត្តព្រះវិហារ មានពីរករណី ទីមួយព្រះរាជអាជ្ញារង ប៉ុន្តែក្រោយពីប្ដឹង ចោទប្រកាន់ ហើយ នេះ គឺខាងក្រសួងយុត្តិធម៌ ខាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចជាដកមុខងារ ព្រះរាជអាជ្ញារងហើយ ហើយយើងកំពុង តែរុញសំណុំរឿងនឹងឲ្យដល់តុលាការ។ ចំណែកសំណុំរឿងពុករលួយមួយទៀតនោះ គឺប្រធាន សាខាពន្ធដារប្រចាំ ខេត្តព្រះវិហារ ដែលក្នុងមួយឆ្នាំទាំងមូលពន្ធប្រថាប់ត្រា ក្នុងខេត្តអត់មានទល់តែសោះ»។ ក្នុងករណីព្រះរាជអាជ្ញារង ខេត្តព្រះវិហារនេះ លោក ឱម យ៉ិនទៀង គ្រាន់តែបង្ហើបប៉ុណ្ណោះ ដូច្នេះហើយបានជា លោកមិនបានប្រាប់ឈ្មោះ ឲ្យដឹង ជាសាធារណៈ។
លោកបន្ថែមថា ក្នុងឆ្នាំ២០១២នេះ ក្រៅពីចាប់ខ្លួនលោក ហួត ហ៊ាង អតីតចៅក្រមខេត្ដកណ្ដាលហើយនោះ ក៏នៅមានការ ចាប់ខ្លួនមនុស្សដទៃទៀត ប៉ុន្ដែមិនត្រូវបានផ្សព្វផ្សាយ ជាសាធារណៈឡើយ។
សូមបញ្ជាក់ថា គិតត្រឹមតែរយៈពេល ៨ខែ ឆ្នាំ២០១២នេះ ស្ថាប័នប្រឆំាងអំពើពុករលួយ បានទទួលពាក្យ បណ្ដឹង ជាង ៨០០ករណី ពីសាធារណជននៅទូទៅប្រទេស ហើយបើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១ មានចំនួនមិនខុស គ្នាប៉ុន្មាននោះទេ។
មន្រ្ដីស្ថាប័នប្រឆាំងអំពើពុករលួយ ធ្លាប់បានឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំ កន្លងមកនេះ មានករណីធំៗមួយចំនួន មិនទាន់ អាចបំបែកបាន ព្រោះសំណុំរឿងមានលក្ខណៈស្មុគស្មាញ និងគ្មានអត្តសញ្ញាណជនល្មើសច្បាស់លាល់ ជាដើម។ តែយ៉ាង ណាក៏ដោយ អង្គភាពប្រឆាំងអំពើពុករលួយ មិនបានរាថយឡើយ ដោយការងារទាំងអស់នេះ នឹងបានបង្ហាញកាន់តែ ច្បាស់ ពីជំហរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ការនូវបទល្មើសប្រឆាំងអំពើពុក រលួយ នៅគ្រប់វិស័យតាម ស្ថាប័នរដ្ឋនានា និងបានចាត់វិធានការអប់រំប្រជាពលរដ្ឋ មន្រ្ដីរាជការឲ្យយល់ដឹងពី បញ្ហាអំពើពុករលួយ ក្នុងការលុបបំបាត់ អំពើពុករលួយចេញពីសង្គមជាតិទាំងមូល ដើម្បី ប្រទេសជាតិមានការ រីកចម្រើនឆាប់រហ័ស៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons