រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី២០ តុលា នៅមុខព្រះបរមរាជវាំង មានព្រះសង្ឃនិមន្តមកពីតាមវត្តទូទាំងខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន រួមទាំងប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ យ៉ាងច្រើនកុះករ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ នៅមុខព្រះបរមរាជវាំង ។ ពិធីនោះ លោកចៅហ្វាវាំង គង់ សំអុល បានអញ្ជើញទៅអុជធូប ជាកិច្ចបើកកម្មវិធីផងដែរ ។
នៅមុខព្រះបរមរាជវាំងក្នុងរាត្រីថ្ងៃទី២០ តុលានេះ មានភាពអឹកអធឹកមនុស្សម្នាយ៉ាងច្រើនកុះករ និងមានព្រះសង្ឃប្រមាណ៦.០០០អង្គ និមន្តមកពីតាមវត្តនានាក្នុងខណ្ឌទាំង៩នៅរាជធានី ភ្នំពេញ និងនិមន្តមកពីតាមបណ្តាខេត្តនានា ព្រមទាំងមានប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង បានទៅប្រារព្ធពិធីបួងសួងព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រនៅមុខ ព្រះបរមវាំង ។
ពិធីនោះលោកចៅហ្វា គង់ សំអុល បានអញ្ជើញទៅអុជធូបប្រារព្ធបើកពិធី រួចទើបព្រះសង្ឃសូត្រធម៌ បង្សុកូលឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ និងធ្វើពិធីសមាធិប្រមាណជា ២០នាទី បួងសួងសូមព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ បានយាងទៅសោយសុខក្នុងសុគតិ ភព ។
សម្រាប់ទិដ្ឋភាពនៅមុខព្រះបរមរាជវាំងក្នុងរាត្រីនេះ មានសភាពអ៊ូអរអឹកអធឹកខុសប្លែកជាងរាត្រីកន្លងមក ដោយមានព្រះសង្ឃ និងប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ទៅប្រារព្ធពិធីបួងសួង នៅមុខព្រះបរមរាជវាំង ៕akt