Saturday, October 20, 2012

ព្រឹត្តិការណ៍​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរ​ក្សត្រ​ខ្មែរ នៅ​មុខ​វាំង នៅ​តែ​មាន​បន្ត​ហូរ​ហែ


ថ្ងៃទី​ 20 ខែតុលា ឆ្នាំ2012, ម៉ោង 02:13 PM ហេង សុខា
1

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ តុលា​នេះ ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​មហាវីរក្សត្រ​ខ្មែរ នៅ​តែ​មាន​ព្រះសង្ឃ យាយ​ជី តា​ជី ប្រជា​ពល​រដ្ឋ សិស្ស ​និស្សិត ទៅ​អុជ​ធូប គោ​រព​ដល់​ព្រះវិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ​ខ្មែរ​នៅមុខ​ ព្រះបរមរាជវាំង​ ជា​ហូរ​ហែ ។
សម្រាប់នៅព្រឹកថ្ងៃទី២០ តុលានេះ បានព្រះសង្ឃជាច្រើនអង្គ ក្នុង​រាជធានីភ្នំពេញ បាននិមន្ត​ទៅ​អុជ​ធូប​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រខ្មែរ នៅមុខព្រះបរមរាជវាំង ព្រម​ទាំ​ងយាយជី តាជី និង​ប្រជាពលរដ្ឋ​ជិត១.០០០នាក់ នៅតែ​បន្ត​ទៅអុជធូបជាហូរហែរ ។
នៅមុខព្រះបរមរាជវាំង ក៏មាន​ក្រុម​យុវជនស្ម័គ្រចិត្តជា​ច្រើននាក់​នៅ​រង់ចាំចែកទឹកបរិសុទ្ធ បាយកញ្ចប់ នំបុ័ង ដល់ប្រជាពលរដ្ឋចាស់ៗ ដែល​ទៅចូលរួម​គោរពវិញ្ញាណក្ខន្ធ​ព្រះមហា​វីរក្សត្រផងដែរ ។
នៅល្ងាចថ្ងៃទី២០ តុលា នឹងមាន​ព្រះ​សង្ឃនិមន្តមកពីតាម​បណ្តា​ខេត្តគ្រប់​ខេត្ត​ក្រុងទាំងអស់ មកជួបជុំប្រារព្ធ​ពិធីគោរព​វិញ្ញាណក្ខន្ធ​ព្រះមហា​វីរ​ក្សត្រ​ខ្មែរ​ នៅមុខព្រះបរមរាជវាំង​នេះ ហើយនឹងមានប្រជាពលរដ្ឋ​យ៉ាង​ច្រើន​​កុះករ ។

ចំណែកប្រជាពលរដ្ឋនៅក្នុងរាជធានី​ភ្នំពេញវិញ ជាពិសេសស្រ្តី​ដែល​ទៅ​ផ្សារ​ទិញម្ហូប​រួចរាល់ហើយ​ភាគច្រើន បាននាំគ្នាទិញរូបព្រះឆាយាលក្ខណ៍​របស់ព្រះមហាវីរក្សត្រខ្មែរ​ស្ទើរ​គ្រប់​ គ្នា យកទៅដាក់តាំងនៅផ្ទះ ៕

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons