Thursday, October 4, 2012

ចោរចូលប្លន់ ទូមាស នៅផ្សារឃ្លាំងលើ បណ្តាលអោយរងរបួស ២នាក់

  Oct-04-2012
ព្រះសីហនុ ៖ អំពើប្លន់ទូមាស បង្កឡើងដោយក្រុមចោរប្រដាប់អាវុធអាកាមួយ ធ្វើឱ្យកក្រើកតំបន់ឃ្លាំងលើ ខេត្ដព្រះ សីហនុ ដោយក្នុងនោះមានទូលក់មាសចំនួន ២កន្លែង ត្រូវបានក្រុមចោរប្លន់យកបាន និងបុរសម្នាក់ ចោរបាញ់ឱ្យរបួស និងម្នាក់ទៀត ត្រូវក្រុមចោរវាយប្លន់យកម៉ូតូ ដើម្បីជិះរត់គេចខ្លួន។ អំពើប្លន់យ៉ាងសាហាវ ទាំងកណ្ដាលថ្ងៃត្រង់ខាងលើ នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ស្ថិតនៅក្នុងបរិវេណផ្សារឃ្លាំង លើ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

                         
ជនរងគ្រោះដែលត្រូវចោរចូលប្លន់ និងបាញ់របួសនៅក្នុងករណីប្លន់នេះទាំងអស់ មានចំនួន ៤នាក់ ដោយទី១ ឈ្មោះ ណន សុផាត ភេទស្រី អាយុ ៣៦ឆ្នាំ ជាម្ចាស់ទូលក់មាស បានអះអាងថា ត្រូវចោរវាយប្លន់យកអស់មាស ចំនួន ១០ តម្លឹង បា្លទីន ចំនួន ១០តម្លឹង និងលុយចំនួន ១០លានរៀល តែមិនមានគ្រោះថ្នាក់ដល់ខ្លួននោះឡើយ។ ទី២ ឈ្មោះ គង់ គឹមតេង ភេទស្រី អាយុ ៥៨ឆ្នាំ ជាម្ចាស់ទូលក់មាស បានបាត់បង់អស់មាសចំនួន ២តម្លឹងកន្លះ ។ ទី៣ ឈ្មោះ សែន វីរៈ ភេទប្រុស អាយុ ៣២ឆ្នាំ ជាជនពិការ និងជាអ្នកលក់ស៊ីឌី នៅក្បែរតូបលក់មាសទី២ ត្រូវចោរបាញ់ បណ្ដាលឱ្យត្រូវចំពោះ ចំនួន ១គ្រាប់ ដែលបច្ចុប្បន្ន ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងទី៤ ឈ្មោះ ឯក រឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវចោរវាយពកមុខពកមាត់ រួចហើយប្លន់យកម៉ូតូសង់មួយគ្រឿង ជិះគេចខ្លួនបាត់ ទៅ។
លោកឧត្ដមសេនីយ៍ តាក វណ្ណថា ស្នងការនគរបាលខេត្ដព្រះសីហនុ មានប្រសាសន៍ថា ជនសង្ស័យជាចោរប្លន់ មានគ្នា ចំនួន ៤នាក់ ធ្វើដំណើរដោយថ្មើរជើង ប្រដាប់ដោយកាំភ្លើងអាកា មួយដើម ដាក់នៅក្នុងបាវស៊ីម៉ងត៍។ ក្នុងនោះពេលធ្វើ សកម្មភាព ជនល្មើសបានដើរចូលទៅក្នុងផ្សារ ហើយក៏ធ្វើសកម្មភាព ភ្ជង់វាយប្លន់នៅតូបទី១ហើយ បន្ដមកវាយប្លន់ នៅតូបទី២ ទៀត ដែលខណៈនោះជនរងគ្រោះឈ្មោះ សែន វីរៈ  ឃើញហេតុការណ៍ ក៏បានចេញទៅជួយ ត្រូវជនល្មើស ដកកាំភ្លើងអាកា បាញ់ទៅលើជនរងគ្រោះចំនួន ២គ្រាប់ បណ្ដាលឱ្យត្រូវរបួសដេក ដួលតែម្ដងទៅ។
ក្រោយធ្វើសកម្មភាពហើយ ពួកវាបានរត់ចេញមកក្រៅ ហើយពេលឃើញម៉ូតូឌុបមួយគ្រឿង នៅមុខផ្សារ  ក៏ធ្វើសកម្មភាព ភ្ជង់និងវាយអ្នករត់ម៉ូតូឌុប ដណ្ដើមយកម៉ូតូជិះគេចខ្លួនទាំង ៤នាក់ សំដៅទៅកើត ហើយបត់ចូលតាមផ្លូវ ចូលក្បាលឆាយ គេចខ្លួនបាត់ទៅ ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងឡោមព័ទ្ធ និងរុករកក្រុមជនល្មើស តែរហូតមកដល់ព្រលប់ ថ្ងៃដដែល នៅមិនទាន់រកឃើញនៅឡើយទេ ៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons