Thursday, October 4, 2012

មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ចំនួន​៥រូប​​ត្រូវបាន​ផ្ទេរ​តំណែង​និង​ដំឡើង​ឋានៈ


យ៉ាង​ហោច​ណាស់ មាន​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ចំនួន៥រូប រួម​ទាំង​ស្នង​ការ​នគរ​បាល​រាជធានី ដែល​កាន់​តំណែង
​យូរ​ឆ្នាំត្រូវបាន​តែង​តាំង​មុខ​តំណែង និង​ផ្ទេរ​ភារកិច្ច​ជា​ផ្លូវ​ការ ដែល​ពិធី​នេះត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញនៅ​
ស្នង​ការ​នគរបាល​រាជធានី ។


លោកគៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិបាន​ថ្លែង​ថាការ​ផ្លាស់​ប្ដូរ ផ្ទេរ​ភារកិច្ច និង​តែង​តាំង​
មុខ​តំណែង​ថ្មី ក្នុង​ជួរ​នគរ​បាល​ជាតិ​នា​ពេល​នេះ គឺជា​រឿង​ធម្មតា ដើម្បី​ឲ្យ​ការងារ​មាន​ដំណើរ​ការ​កាន់​តែ​ប្រសើរ​
ថែម​ទៀត។


អង្គពិធី​បានប្រកាស​ថាលោក​ឧត្តម​សេនីយ៍​ឯកជួនសុវណ្ណ អគ្គស្នង​ការ​រងនគរបាល​ជាតិ ត្រូវ​បាន​ផ្ទេរ​មក​ជំនួស
​លោក ទូច ណារ៉ុថ ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​លោក​ឧត្តម​​សេនីយ៍​ត្រីទូច ណារ៉ុថ ត្រូវ​ផ្ទេរ​ទៅ​ជា
​ប្រធាន​នាយក​ដ្ឋាន​អង្គ​រក្សនិង​ត្រូវ​ដំឡើង​ឋានន្តរ​ស័ក្តិ​ជា​ឧត្តម​សេនីយ៍​ទោ​(ផ្កាយ​ពីរ)។លោក​ទូចណារ៉ុថបាន​ប្តូរ
​ពី​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង មក​កាន់​ស្នង​ការ​នគរ​បាល​រាជ​ធានីកាល​ពី​ឆ្នាំ២០០៥ដែល​គិត​រហូត​មក​ដល់
​ពេល​នេះមាន​រយៈ​ពេល​ប្រមាណ​ជា៧ឆ្នាំ​ហើយ​ ។


ចំណែកលោកឧត្តម​សេនីយ៍ត្រីប៉ុល ភិធេយ្យ ស្នងការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ ត្រូវ​ដំឡើង​ទៅ​ធ្វើ​ជា​ប្រធាន
​នាយក​ដ្ឋាន​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិ​ជន និង​ត្រូវ​ដំឡើង​ឋានន្តរ​ស័ក្តិ​ជា​ឧត្តម​សេនីយ៍​ទោ។


មាន​មន្ត្រីនគរបាល​ជាតិ៣រូប​ទៀត​ត្រូវ​បាន​តែង​តាំង​មុខ​តំណែង​ដោយ​អនុក្រឹត្យនិង​ប្រកាសមាន​លោក​វរសេនីយ៍​
ឯក យឹម សំណាង ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​នាយក​ដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល  រដ្ឋបាល​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​
នគរបាល​ជាតិក្រសួង​មហា​ផ្ទៃ។ ចំណែក​លោក​វរសេនីយ៍​ទោ ជួន ណារិន នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត
​ធ្ងន់ត្រូវ​បាន​ដំឡើង​តំណែង​ទៅ​ជា​ស្នង​ការរង និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរបាល​ព្រហ្ម​ទណ្ឌរាជធានី
​ភ្នំពេញ និង​លោក​វរសេនីយ៍​ទោ បេង ដាណារ៉ា នាយ​ការិយាល័យ ផែន​ការ​គណនេយ្យ ទៅ​ជា​ស្នង​ការ​រង និង​
ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​ភស្តុភារ និង​ហិរញ្ញ​វត្ថុនគរបាល​រាជធានី​ភ្នំពេញ ។


លោកជួន សុវណ្ណ ដែល​ត្រូវ​បាន​ជំនួស​តំណែង​លោកទូច ណារ៉ុថ បាន​ឡើង​ថ្លែង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ថា
នឹង​ខិត​ខំ​ប្រឹង​ប្រែង​រក្សា​សន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អដូចជាបង្ក្រាប​បទ​ល្មើស​ចោរ​លួច ឆក់ ប្លន់បញ្ហា​បង
​តូច បង​ធំ ការ​ចរាចរ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍...។


នាយឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ធ្វើ​ជា​អធិបតី នៅ​ក្នុង​ពិធី​ដែល​មាន​ការ​ចូល
​រួម​ពី​សំណាក់​មន្ត្រី​នគរបាល  ប្រមាណ​ជាង ២០០ នាក់​នេះ មិន​អនុញ្ញាត​ឲ្យ​អ្នកសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ
ចូល​ស្តាប់​សុន្ទរកថា​របស់​លោកដែល​ថ្លែង​ទៅ​កាន់​មន្ត្រី​នគរបាល​ទាំង​អស់​នោះ​ទេដោយ​សុំ​ឲ្យ​អ្នក​កាសែត​ចេញ​
ក្រៅ​បន្ទប់​ទាំង​អស់ ។


លោកអ៊ូ វីរៈប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​ផ្លាស់​ប្តូរ​មុខ​តំណែងទៅ​
តាម​ពេល​វេលា​កំណត់ឬ​ទៅ​តាម​អាណត្តិវាជា​រឿង​ល្អ​ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយនិង​បក្ខពួក​និយមប៉ុន្តែ​លោក
​បាន​ចោទ​ជា​សំណួរ​ថាតើការ​ផ្លាស់​ប្តូរ​តំណែង​នោះ​ដោយ​សារ​មូល​ហេតុ​អ្វី?ដោយ​សារ​កើត​មាន​បញ្ហា​អសន្តិ​សុខ
​ច្រើន?កំហុស​រដ្ឋបាល? អំពើពុក​រលួយ? លោក​បន្ត​ថា បើ​សិន​មាន​កំហុស​រដ្ឋបាល ត្រូវ​មាន​វិធាន​ការ​តាម​ច្បាប់
តែ​បើ​ប្រព្រឹត្ត​អំពើ​ពុក​រលួយដែល​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ គួរ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ
ច្បាប់​ផងដែរ ៕

អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons