- Saturday, 20 October 2012 11:26
ភ្នំពេញ៖
នាយករដ្ឋមន្ត្រីនៃប្រទេសបីក្នុងចំណោមប្រទេសសមាជិកអាស៊ានចំនួន១០
បានចូលសម្ដែងមរណទុក្ខដោយផ្ទាល់នៅចំពោះព្រះបរមសពសម្តេចព្រះ
នរោត្តម សីហនុ ក្នុងព្រះបរមរាជវាំង
នារាជធានីភ្នំពេញកាលរសៀលថ្ងៃសុក្រនេះ។
ក្បួនរថយន្តនៃគណៈប្រតិភូរបស់ប្រទេសវៀតណាមដឹកនាំដោយលោកនាយក
រដ្ឋមន្ដ្រីង្វៀន តាន់ យុង (Nguyeng Tan Dung)បានចូលសម្ដែងមរណទុក្ខ
និងគោរពព្រះវិញ្ញាណខន្ធអតីតព្រះមហាវីរក្សត្រមុនគណៈប្រតិភូឡាវ
ដឹកនាំដោយលោកនាយករដ្ឋមន្ដ្រីថងស៊ីង ថាំម៉ាវង់(Thangsing
Thammavong)
និងគណៈប្រតិភូបន្ទាប់មកពីប្រទេសថៃដឹកនាំដោយលោកស្រីនាយករដ្ឋ
មន្ដ្រីយីង ឡាក់ ស៊ីណាវ៉ាត់(Yingluck Sinawatra)។
នាយករដ្ឋមន្ដ្រីនីមួយៗចំណាយពេលខ្លីតែប៉ុណ្ណោះ
ហើយមិនមានសេចក្ដីថ្លែងការណ៍ណាមួយត្រូវបានធ្វើទៅកាន់អ្នកយកព័ត៌មាន
នោះទេ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ
លេខាធិការផ្ទាល់របស់សម្តេចឪនរោត្តម សីហនុ
បានមានបន្ទូលបញ្ជាក់បន្ថែមពីការចូលគោរពវិញ្ញាណខន្ធនេះ។
«មានប្រទេសវៀតណាម ប្រទេសឡាវ និងព្រះរាជាណាចក្រថៃ។ ខាងថៃគឺលោកជំទាវយីងឡាក់ តែម្តង»។
ក្រោយពីពិធីគោរពវិញ្ញាណខន្ធនេះ
នាយករដ្ឋមន្ដ្រីថៃលោកស្រីយីងឡាក់ លោកង្វៀន តាន់យុង និងលោកថងស៊ីង
ថាំម៉ាវង់ បានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ដ្រីហ៊ុន សែនផងដែរ។
លោកអ៊ាង សុផល្លែត
ជំនួយការលោកនាយករដ្ឋមន្ដ្រីបានប្រាប់អ្នកយកព័ត៌មានក្រោយពីជំនួប
ទាំងបីថា
មេដឹកនាំប្រទេសជិតខាងកម្ពុជាទាំងនោះបានសម្ដែងការសោកស្តាយ
ដែលអតីតព្រះមហាក្សត្រខ្មែរបានសោយទិវង្គត។ រីឯលោកហ៊ុន
សែនក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ដ្រីនៃប្រទេសទាំងបីនោះដែរ។
នេះបើតាមលោកអ៊ាង សុផល្លែត។
អតីតព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ
បានយាងចូលទិវង្គតកាលពីថ្ងៃចន្ទទី១៥តុលា។
រដ្ឋាភិបាលនឹងតម្កល់ព្រះសពរយៈពេលបីខែ
ហើយនៅពេលនេះក្រុមប្រជាពលរដ្ឋនៅតែបន្តចូលមកគោរពវិញ្ញាណខន្ធរបស់
ព្រះអង្គនៅលើចិញ្ចើមផ្លូវក្រៅរបងព្រះបរមរាជវាំងជាច្រើនរយនាក់ក្នុង
មួយថ្ងៃ៕ គង់ សុឋានរិទ្ធ (VOA)