Thursday, September 27, 2012

វាយ​បំបែក​កញ្ចក់​រថយន្ដ​មន្ដ្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​អន្លង់​វែង​សង្ស័យ​រឿង​គំនុំ​

ដោយ​ ៖ ព្រាប១ ថ្ងៃទី 27 កញ្ញា 2012ម៉ោង 18:11:02 ​ខេត្ដឧត្ដរមានជ័យ​ ៖​ រថយន្ដ​កាម​រី​ឆ្លាម​១​គ្រឿង​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2C-8916​ ដែល​គេ​ដឹង​ជា​កម្មសិទ្ធិ​ របស់​មន្ដ្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល​វាយ​បំបែក​កញ្ចក់​ ទាំងអស់​ ខណៈ​ដែល​រថយន្ដ​នោះ​ត្រូវ​ម្ចាស់​ចត​ទុក​ក្នុង​បរិវេណ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អន្លង់​វែង​ ឋិត​ក្នុងភូមិ​ អណ្ដូង​៣​ ឃុំ​-​ស្រុក​អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ មិនដឹង​ជា​កើតហេតុ​ទាំង​ពេល​ណា​ទេ​ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ ទើប​ដឹង​រឿង​ ។​ ​លោក​ ចំរើន​ ដែល​ជា​ម្ចាស់​រថយន្ដ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ខ្ទេច​កញ្ចក់​ បាន​រៀបរាប់​ប្រាប់​នគរវត្ដ​ឱ្យ​ដឹង​ថា​ មុន​ពេល​ កើតហេតុ​លោក​បាន​យក​រថយន្ដ​ចត​ទុក​នៅ​ក្នុង​បរិវេណ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ រួច​ហើយ​ក៏​ឡើង​ជិះ​រថយន្ដ​តាក់ស៊ី​ទៅ​ លេង​ស្រុក​នៅ​ស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​ លុះ​ព្រឹក​ឡើង​ត្រូវ​បាន​មិត្ដភក្ដិ​ធ្វើការ​ជាមួយ​ទូរស័ព្ទ​ប្រាប់​ថា​ រថយន្ដ​របស់​ លោក​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ខ្ទេច​កញ្ចក់​អស់ហើយ​ ។​ ពេល​ឮ​មិត្ដភក្ដិ​ប្រាប់​បែប​នេះ​ ក៏​ស្រឡាំងកាំង​ក្នុង​ចិត្ដ​ ហើយ​ គិត​ថា​ តើ​អ្នក​ណា​ថ្លើមធំ​ហ៊ាន​ចូល​លួច​ចូល​វាយ​បំបែក​កញ្ចក់​រថយន្ដ​របស់​លោក​នៅ​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បែប​ នេះ​ ?​ ព្រោះ​លោក​មិន​ដែល​មាន​គំនុំ​ជាមួយ​អ្នក​ណា​ម្នាក់​ផង​នោះ​ ។​ ​ជុំវិញ​ករណី​នេះ​ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ អាច​បណ្ដាល​មក​ពី​ការ​បំពេញការងារ​របស់​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​រូប​ នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​ជំនួញ​រកស៊ី​ខុសច្បាប់​របស់​ឈ្មួញ​ណាមួយ​ហើយ​មើលទៅ​ ។​ ​គួរ​បញ្ជាក់​ថា​ កន្លង​មក​ ករណី​ស្រ​ដៀង​គ្នា​នេះ​បាន​កើត​មាន​ម្ដង​ ដោយ​ជន​មិន​ស្គាល់​មុខ​បាញ់​១​គ្រាប់​ទៅ​លើ​រថយន្ដ​របស់​មន្ដ្រី​អង្គការ​បរិស្ថាន​ បណ្ដាល​ឱ្យ​ធ្លុះ​ដំបូល​ ហើយ​ពេល​នេះ​ក៏មានការ​វាយ​បំបែក​កញ្ចក់​រថយន្ដ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​កើតឡើងទៀត​ ។​​ ​ចំពោះករណី​នេះ​សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខសញ្ញា​ជន​បង្ក​បាន​នៅឡើយ​ទេ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons