Tuesday, August 7, 2012

អំពើ​ពុករលួយ​ក្នុង​សម័យ​ប្រឡង


(អាស៊ីសេរី)
2012-08-07
មាន​ការ​លើក​ឡើង​ថា អំពើ​ពុក​រលួយ​នៅ​ក្នុង​សម័យ​ប្រឡង កើត​មាន​ឡើង​គឺ​បណ្ដាល​មក​ពី​ការ​ឧបត្ថម្ភ​ប្រាក់​ឲ្យ​គ្រូ​មាន​តិចតួច​ពេក ដែល​ធ្វើ​ឲ្យ​គ្រូ​បង្រៀន​ពិបាក​ក្នុង​ការ​ស្នាក់​នៅ ការ​ធ្វើដំណើរ និង​ការ​ចំណាយ​លើ​ការ​ហូបចុក។
RFA/Soun Sophalmony
សិស្ស​សាលា​ចេញ​ពី​មណ្ឌល​ប្រឡង​មួយ​កន្លែង នា​ខេត្ត​បាត់ដំបង ក្នុង​ថ្ងៃ​ប្រឡង​បាក់ឌុប ថ្ងៃ​ទី​១ កាល​ពី​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១២។

ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង​ទុតិយភូមិ ឬ​គេ​និយម​​ហៅ​តាម​ភាសា​បារាំង​ថា បាក់ឌុប ក្នុង​ខេត្ត​បាត់ដំបង គេ​សង្កេត​ឃើញ​មាន​ភាព​ស្ងប់​ស្ងាត់​ខុស​ពី​ពេល​មុន ដែល​មាន​មនុស្ស​នាំ​គ្នា​ឈរ​គប់​​វិញ្ញាសា​ចម្លង ដែល​ខ្មែរ​ភាគ​ច្រើន​និយម​ហៅ​តាម​ភាសា​បារាំង​ថា ប្រ៊ុយយ៉ុង ចូល​ទៅ​ក្នុង​ថ្នាក់​ឲ្យ​សិស្ស​កំពុង​ប្រឡង។ ការ​ប្រែប្រួល​នេះ ​គឺ​ដោយ​សារ​បច្ចុប្បន្ន​នេះ មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដូចជា​ទូរស័ព្ទ​ដៃ និង​ម៉ាស៊ីន​កុំព្យូទ័រ។
ជាក់​ស្ដែង​មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​លើ​មុខវិជ្ជា​គីមី និង​ប្រវត្តិវិទ្យា ដែល​ត្រូវ​បាន​គេ​លួច​បង្ហោះ​នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ប្រឡង​ដំបូង​នេះ​ដែរ។ ប៉ុន្តែ​វិញ្ញាសា​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​តាម​ហ្វេសប៊ុក ពុំ​បាន​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ច្បាស់​លាស់​នោះ​ទេ។
បេក្ខជន​ប្រឡង​ជា​ច្រើន​នាក់​ដែល​បាន​ចូល​ទៅ​ប្រឡង បាក់​ឌុប កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​សីហា បាន​រិះគន់​ថា គ្រូ​បង្រៀន​នៅ​ក្នុង​ថ្នាក់​បាន​ប្រកាស​ប្រាប់​សិស្ស​ដោយ​ចំហ​ថា បើ​ចង់​ស្រួល​ត្រូវ​តែ​រៃ​អង្គាស​លុយ​គ្នា​ឲ្យ​គ្រូ៖ «សិស្ស​ភាគ​ច្រើន​ យក​ទូរស័ព្ទ​ចូល...។ សិស្ស​ចូល​ទៅ​ប្រហែល ១៥​នាទី​អី​បង្ហោះ​ចេញ​មក​ក្រៅ​ហើយ។ ពេល​ខ្លះ​គ្រូ​ចូល​មក​ដល់​និយាយ​ថ្លៃ​តែម្ដង។ ដូច​ថ្នាក់​ខ្ញុំ​ថ្ងៃ​មិញ គ្រូ​មក​ដល់​ទារ​តែម្ដង ឲ្យ​ម្នាក់ ២​ម៉ឺន​រៀល»
នៅ​ក្នុង​ទំព័រ ហ្វេសប៊ុក ដែល​គេ​បាន​បង្ហោះ​ស្វាគមន៍​ក្នុង​ថ្ងៃ​ប្រឡង​បាក់ឌុប​ដំបូង គឺ​​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​សីហា បាន​រិះគន់​ថា អំពើ​ពុក​រលួយ​ពេល​ប្រឡង ជា​ធម្មតា​មន្ត្រី​ពុក​រលួយ​គេ​ដើរ​ម៉ៅការ​តាម​សាលា ដូច​ជា ១ សាលា​គេ​យក​ពីរ​ម៉ឺន​ដុល្លារ​ពី​មាតា បិតា រួច​គេ​ចេញ​លុយ​ឲ្យ​មេប្រយោគ​ក្នុង​ការ​បិទ​បាំង​ភ្នែក។ គ្រូ​អាច​រក​បាន​ពី ៥០០​ដុល្លារ ទៅ ២.០០០​ដុល្លារ ថែម​ខាង​ក្រៅ នេះ​ជា​ហេតុ​គេ​សូក​លុយ​ធ្វើ​ជា​មេប្រយោគ។
ទោះ​ជា​នៅ​ថ្ងៃ​ប្រឡង​មាន​សិស្ស​សាលា​ជា​ច្រើន​នាក់​បាន​ចំណាយ​លុយ​កាក់​ ទៅ​ឲ្យ​គ្រូ​ដូច្នេះ​ក្នុង​ថ្ងៃ​ប្រឡង​ក៏​ដោយ​ ប៉ុន្តែ​នៅ​មាន​ឪពុក​ម្ដាយ​ អាណាព្យាបាល​ខ្លះ​ប្រាប់​កូន​កុំ​ឲ្យ​បង់​ប្រាក់​ទៅ​ឲ្យ​គ្រូ​តាម​ការ​ ទាមទារ។
លោក ហង្ស សំបូរ ដែល​ទៅ​ទទួល​កូន​ចេញ​ពី​ប្រឡង​នោះ​ថ្លែង​ថា លោក​មាន​បំណង និង​បាន​ខិតខំ​ណែនាំ​កូន​ឲ្យ​ខំ​ប្រឹង​រៀន​សូត្រ​ខ្លួន​ឯង​ ប្រសើរ​ជាង​ការ​យក​លុយ​ទៅ​សូក​ឲ្យ​គ្រូ៖ «ជា​ទូទៅ​ខ្ញុំ​អត់​ទម្លាប់​ឲ្យ​លុយ​កូន​ទេ ព្រោះ​ខ្ញុំ​តែង​តែ​អប់រំ​កូន​ខ្ញុំ​ឲ្យ​ខំ​ប្រឹងប្រែង​រៀន​សូត្រ...»
អំពើ​ពុក​រលួយ​នៅ​ក្នុង​សម័យ​ប្រឡង​ កើត​មាន​ឡើង ​គឺ​បណ្ដាល​មក​ពី​ការ​ឧបត្ថម្ភ​ប្រាក់​ឲ្យ​គ្រូ​បង្រៀន​មាន​តិចតួច​ពេក។ ថវិកា​តិច​ធ្វើ​ឲ្យ​គ្រូ​បង្រៀន​ពិបាក​ក្នុង​ការ​ស្នាក់​នៅ ​ការ​ធ្វើដំណើរ និង​ការ​ចំណាយ​ទៅ​លើ​ការ​ហូប​ចុក។ គ្រូ​នៅ​អនុវិទ្យាល័យ គេ​ឧបត្ថម្ភ​ប្រាក់ ១១៥.០០០​រៀល និង​គ្រូ​ធ្វើ​ជា​មេ​ប្រយោគ ទទួល​បាន​ជាង ១៥​ម៉ឺន​រៀល ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ប្រឡង​ដូចគ្នា។
អតីត​គ្រូ​បង្រៀន​ម្នាក់​បាន​ថ្លែង​ថា នៅ​ពេល​ពួក​គាត់​ធ្វើ​ជា​មេ​ប្រយោគ ជា​ពិសេស​អ្នក​ត្រួត​ពិនិត្យ​អគារ បាន​ដើរ​ម៉ៅការ និង​បាន​សម្លុត​គំរាម​អនុរក្ស​នៅ​តាម​បន្ទប់​ឲ្យ​រក​លុយ​ឲ្យ​បាន​ ពី ២០ ទៅ ៣០​ម៉ឺន​រៀល។ នេះ​ជា​រឿង​ពិត​ដែល​កំពុង​កើត​មាន​ជាក់​ស្ដែង​នៅ​ក្នុង​សម័យ​ប្រឡង ហើយ​វា​កើត​មាន​ជា​ប្រចាំ។ មូលហេតុ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​សិស្ស​សាលា​ភាគ​ច្រើន​មិន​សូវ​នាំ​គ្នា​ ប្រឹង​ប្រែង​រៀន​សូត្រ​នោះ​ទេ ដោយសារ​ពួកគេ​អាង​ឲ្យ​លុយ​ទៅ​គ្រូ​ភ្លាមៗ គាត់​អាច​បើក​មើល​ អាច​ទិញ​កំណែ។ ចំណែក​គ្រូ​ខ្លះ​ទៀត យក​កំណែ​ពី​ខាង​ក្រៅ​លក់​ឲ្យ​សិស្ស​ជា​សាធារណៈ។ កត្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​គុណភាព​អប់រំ​ ស្រុត​ចុះ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ចំណុច​អវិជ្ជមាន​ទាំង​អស់​នេះ​ឡើង​វិញ។
អតីត​គ្រូ​បង្រៀន​មិន​បញ្ចេញ​ឈ្មោះ៖ «ជាក់​ស្តែង​ខ្ញុំ​ធ្លាប់​ចូល​ រួម​ធ្វើ​មេប្រយោគ​ដែរ​ អ៊ីចឹង​នៅ​ពេល​ដែល​ធ្វើ​មេ​ប្រយោគ​ហ្នឹង សិស្ស​វា​អត់​មាន​ចេះ​អី​ទេ ​គឺ​ភាគ​ច្រើន​ក្នុង​ថ្នាក់​អ្នក​ចេះ​ពិតប្រាកដ​ហ្នឹង​ប្រហែល​ជា​មួយ​នាក់ ឬ​ពីរ​នាក់​ទេ​ ដែល​ចេះ​ពិត​ប្រាកដ ក្រៅ​ពី​ហ្នឹង​គឺ​អត់​ចេះ​អី​ទេ ពឹង​ទៅ​លើ​ប្រ៊ុយយ៉ុង ពឹង​ទៅ​លើ​ការ​ចម្លង​គ្នា ការ​ទិញ​វិញ្ញាសា​ពី​គ្រូ​ពី​អី​តែ​ប៉ុណ្ណឹង​ឯង ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខ្ញុំ​សង្កេត​ឃើញ​ថា​ សិស្ស​កាន់​តែ​យ៉ាប់​ទៅៗ គឺ​គាត់​អត់​ប្រឹង​រៀន​ទេ...»
ពោល​គឺ​ពួកគាត់​ចាំ​ដល់​ពេល​ទិញ​ប្រ៊ុយយ៉ុង។ ជាក់​ស្ដែង​នៅ​ក្នុង​សាលារៀន​ដែល​ពួក​គាត់​រៀន​នោះ​ក៏​ដូច​គ្នា​ដែរ។ គ្រូ​នៅ​តាម​វិទ្យាល័យ ​អនុវិទ្យាល័យ​ ពេល​ប្រឡង​ប្រចាំ​ខែ​ម្ដងៗ​ គាត់​មិន​ចាំបាច់​ឲ្យ​សិស្ស​ប្រឹង​ប្រែង​ឆែក​មើល​មេរៀន​ទេ គឺ​គ្រូ​លក់​ទាំង​សំណួរ និង​ចម្លើយ​ក្នុង​ហ្នឹង​ជា​ស្រេច។ ប្រការ​ទាំង​នេះ ​ធ្វើ​ឲ្យ​សិស្ស​មិន​ខំ​ប្រឹង​សិក្សា​រៀន​សូត្រ ហើយ​រង់ចាំ​ដល់​ថ្ងៃ​ប្រឡង​ឲ្យ​លុយ​គ្រូ​ទៅ​បាន​ប្រឡង​ជាប់។ សិស្ស​ខ្លះ​ទៀត​មិន​សូវ​បាន​ចូល​សាលា​រៀន​នោះ ពួកគាត់​ក៏​មិន​សូវ​មាន​ការ​ភ័យ​បារម្ភ​ដែរ អោយ​តែ​មាន​លុយ​យក​ទៅ​ឲ្យ​នាយក​សាលា នាយក​សាលា​នឹង​ឲ្យ​គាត់​ឡើង​ថ្នាក់​ដោយ​ពុំបាន​គិត​ខ្វល់​ខ្វាយ​ពី​រឿង​ឲ្យ​ ពិន្ទុ​តាម​ការ​ខំ​ប្រឹង​រៀន និង​ការ​ចូល​រៀន​ទៀង​ទាត់​នោះ​ទេ។
អតីត​គ្រូ​បង្រៀន​មិន​បញ្ចេញ​ឈ្មោះ៖ «ចំពោះ​ខ្ញុំ​ធ្លាប់​ធ្វើ​អនុរក្ស​កន្លង​មក គឺ​អ៊ីចឹង។ ពេល​ខ្លះ​អ្នក​ត្រួត​ពិនិត្យ​អគារ​គាត់​ត្រូវ​គ្នា​ជាមួយ​នឹង អប្បមាទ​ខាង​ក្រៅ (អ្នក​ត្រួត​នៅ​ពី​លើ)។ គ្រូ​អនុរក្ស​ភាគ​ច្រើន​គាត់​អត់​ហាន ព្រោះ​គេ​មាន​ការ​វាយ​តម្លៃ​ពិន្ទុ អ៊ីចឹង​អ្នក​ត្រួត​អគារ​គេ​មើល​ពីរ​ទៅ​បី​បន្ទប់ អ៊ីចឹង​គេ​មើល​ទៅ​បើ​ថា គ្រូ​ហ្នឹង​យ៉ាង​ម៉េច គេ​ដាក់​ អេ ប៊ី តាម​កម្រិត​ហ្នឹង ហើយ​បើ​សិន​ដល់​កម្រិត​ដែល​យើង​មិន​ពេញ​ចិត្ត​គេ​ដាក់​យើង ដេរ អី​អ៊ីចឹង​ទៅ ឆ្នាំ​ក្រោយ​គេ​ព្យួរ​ជើង​យើង​ចោល អ៊ីចឹង​ហើយ​បាន​មេប្រយោគ​ខ្លះ​ ចង់ ឬ​មិន​ចង់​ គាត់​ត្រូវ​បង្ខំ​ចិត្ត​ប្រមូល​លុយ​សិស្ស​ដែរ»
ទាំង​នេះ​ជា​រូបភាព​នៃ​ការ​គាប​សង្កត់​ត​គ្នា​ គ្រូ​នៅ​ក្នុង​សាលា​បើក​ដៃ​ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​មួយ​ ចំនួន​ជា​អ្នក​ការពារ​នៅ​ក្នុង​បរិវេណ​ប្រឡង​នោះ ​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ដឹក​ជញ្ជូន​វិញ្ញាសា​ពី​ខាង​ក្រៅ​ចូល​ទៅ​ ខាង​ក្នុង​ដែរ។ កង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​នោះ ​មាន​តួនាទី​យាម​នៅ​ខាង​ក្រៅ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​ពួកគាត់​ប៉ះ​ចំ​ជាមួយ​កូន​អស់​លោក​ធំៗ បន្ទប់​ណា សាលា​ណា​ដែល​ប៉ះ​ជាមួយ​នឹង​កូន​គ្រូ កូន​ប្រធាន​មណ្ឌល​ប្រឡង​ គឺ​គេ​អាច​ទាក់ទង​គ្នា​ដើម្បី​ជួយ​គ្នា​យក​វិញ្ញាសា​ចូល​ទៅ​ក្នុង​ថ្នាក់​ ប្រឡង។ ករណី​នេះ គ្រូ​មិន​ហាន​តវ៉ា​ទេ ព្រោះ​បញ្ហា​កើត​មាន​ក្នុង​សង្គម​ទូទៅ​ហើយ។
នៅ​ក្នុង​សម័យ​ប្រឡង​ ក្រសួង​អប់រំ​បាន​ហាមឃាត់​មិន​ឲ្យ​គ្រូ និង​សិស្ស​យក​ទូរស័ព្ទ និង​ម៉ាស៊ីនថត ចូល​ក្នុង​ថ្នាក់​ប្រឡង​ទេ​ ដើម្បី​ទប់​ស្កាត់​កុំ​មាន​ការ​ទាក់​ទង ឬ​ថតចម្លង​មេរៀន វិញ្ញាសា​ផ្សេងៗ​ ប៉ុន្តែ​ជាក់​ស្ដែង​ ករណី​នេះ​កំពុង​កើត​មាន​ជា​ហូរហែ​នៅ​ក្នុង​សម័យ​ប្រឡង។
អតីត​គ្រូ​បង្រៀន​ដដែល​បាន​ថ្លែង​ថា ចំណុច​អវិជ្ជមាន​ទាំង​នេះ​ ត្រូវ​បាន​គេ​ដឹង​ឮ មើល​ឃើញ​គ្រប់​គ្នា​ ដែល​មិន​អាច​ប្រកែក​បាន​ ប៉ុន្តែ​ពុំ​មាន​អ្នកណា​ហាន​ចាប់​ឃាត់​ទេ ព្រោះ​ពួក​គេ​យល់​ថា ក្នុង​សង្គម​កើត​បញ្ហា​នេះ​ជា​ទូទៅ​អ៊ីចឹង​ទៅ​ហើយ មិន​ចាំបាច់​ខ្លួន​ម្នាក់​ឯង​ខំប្រឹង​តវ៉ា​បាន​ប្រយោជន៍​អី។ ម្យ៉ាង​វិញ​ទៀត​ អ្នក​ត្រួត​ពិនិត្យ​អគារ សន្តិ​សុខ​ ប្រធាន​មណ្ឌល​ប្រឡង​ពួក​គេ​បាន​សហការ​គ្នា​បាន​ល្អ​ថែម​ទៀត។
ការ​ទិញ​វិញ្ញាសា​គឺ​នៅ​តែ​កើត​មាន​ឡើង។ ពួកគេ​ទិញ​ពី​គ្រូ​ទិញ​ពី​អ្នក​ដែល​ថត​ចម្លង។ ការ​ផ្ដល់​​ប្រ៊ុយយ៉ុង តាម​ហ្វេសប៊ុក តាម​ទូរស័ព្ទ គឺ​គេ​អាច​ឆែក​មើល​បាន។ ជាក់​ស្ដែង​នៅ​​មុន​ពេល​ប្រឡង​ គឺ​នៅ​យប់​នោះ​ គេ​អាច​មើល​ឃើញ​ទី​កន្លែង​ថត​ចម្លង​ឯកសារ​មួយ​ចំនួន នៅ​ក្នុង​ក្រុង​បាត់ដំបង មាន​​សិស្ស​សាលា​បាន​ទៅ​តម្រៀប​ជួរ​គ្នា​ណែន​ណាន់ ដើម្បី​រង់ចាំ​ទិញ​វិញ្ញាសា​ដែល​បែក​ធ្លាយ​ចេញ​មក​កូន​សិស្ស។ សិស្ស​ខ្លះ​បាន​ងើប​ទៅ​តាំង​ពី​ម៉ោង ៣ ម៉ោង ៤ និង​ម៉ោង ៥ ទៅ​អង្គុយ​ចាំ​វិញ្ញាសា​ដែល​គេ​ផ្ញើ​ចេញ​មក​ពី​ភ្នំពេញ។ នេះ​ជា​ទម្លាប់​ទៅ​ហើយ នៅ​ពេល​សម័យ​ប្រឡង​លើក​ណា​ក៏​ដូច​គ្នា​ដែរ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​អំពី​ទិដ្ឋភាព និង​ភាព​មិន​ប្រក្រតី​នានា​នៅ​ក្នុង​មណ្ឌល​ប្រឡង​មួយ​ចំនួន​នៅ​រាជធានី​ ភ្នំពេញ និង​នៅ​ខេត្ត​ពោធិ៍សាត់ តាម​រយៈ​ការ​សាកសួរ​រវាង​លោក សេក បណ្ឌិត ជាមួយ​លោក ដែន អយុធ្យា និង​លោក មណ្ឌលកែវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons